ចិន៖ រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសចិនបាននិយាយថា មនុស្ស ៧៨,០០០នាក់ត្រូវបានចោទប្រកាន់ពីបទពុករលួយក្នុងរយៈពេល ៥ឆ្នាំរហូតមកដល់ឆ្នាំ២០២២។ អគ្គរដ្ឋអាជ្ញាលោក Zhang Jun បានប្រកាសពីតួលេខនេះនៅក្នុងសភាប្រជាជនជាតិកាលពីថ្ងៃអង្គារ។
ចំនួននេះគឺទាបជាងតួលេខក្នុងអំឡុងពេលអាណត្តិ ៥ឆ្នាំដំបូងរបស់ប្រធានាធិបតីលោក Xi Jinping រហូតដល់ឆ្នាំ២០១៧ ដែលនៅពេលនោះមនុស្សជាង ២៥០,០០០នាក់ត្រូវបានកាត់ទោស។ ប៉ុន្តែជាក់ស្តែងអំពើពុករលួយនៅតែរីករាលដាល ទោះបីជាមានយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋបាលលោក Xi Jinping ក៏ដោយ។ លោក Zhang បានរាយការណ៍ថា ចំនួនករណីឧក្រិដ្ឋកម្មដែលរំខានដល់ទីផ្សារ និងសណ្ដាប់ធ្នាប់សេដ្ឋកិច្ចបានកើនឡើងជាង ៣០ភាគរយធៀបនឹងរយៈពេលប្រាំឆ្នាំមុន។
លោកបានបញ្ជាក់ថា រដ្ឋអាជ្ញានឹងការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្ត។ ប្រធានផ្នែកយុត្តិធម៌នៃតុលាការកំពូលប្រជាជនលោក Zhou Qiang បាននិយាយទៅកាន់អង្គសន្និបាតថា មនុស្សប្រហែល ១៣៩,០០០នាក់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទពុករលួយក្នុងរយៈពេល ៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា អ្នកទាំងឡាយណាដែលបំពានផលប្រយោជន៍សាធារណៈនឹងត្រូវតែទទួលទោស៕
អត្ថបទ៖ ប៊ុនថន