ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន និងក្រើនរំលឹកដល់គ្រប់ស្នងការរាជធានី-ខេត្ត និងគ្រប់នាយកដ្ឋានទាំងអស់ ដែលចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតែការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម និងបន្ត បង្រ្កាបរាល់បទល្មើសឲ្យបានសកម្មបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ០៨ មីនា ឆ្នាំ២០២៣ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា គ្រប់ស្នងការទាំងអស់ «ត្រូវការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម»។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
ទាក់ទងនិងការងារព្រំដែន នាយឧត្តមសេនីយយ៍ ក៏បានប្រាប់ដល់គ្រប់ស្នងការខេត្តនៅតាមបណ្តោយព្រំដែនទាំងអស់ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាងជាដើម។
សម្រាប់ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។
លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់ស្នងការទាំងអស់ត្រូវពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធទំនាក់ទំនងសង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបដោះស្រាយ និងសំណូមប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានមជ្ឈមណ្ឌលប្រចាំបញ្ជា លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពីប្រជាពលរដ្ឋជាដើម៕អត្ថបទ៖ បាន ចក់









