បាល់ទាត់៖ អ្នកគាំទ្ររបស់ក្លិបអាល្លឺម៉ង់ Eintracht Frankfurt នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League នៅទឹកដី Napoli ឡើយនៅសប្តាហ៍ក្រោយ នេះបើតាមការសម្រេចពីក្រសួងមហាផ្ទៃអ៊ីតាលី។

Frankfurt ដែលចាញ់ក្នុងដីខ្លួនឯង ២-០ ជើងទី១ នោះរំពឹងថានឹងបញ្ជូនអ្នកគាំទ្ររបស់ខ្លួនមិនដល់ ៣០០០នាក់ផងសម្រាប់ការប្រកួតជើងទី២ នេះ។ ក្លិបអាល្លឺម៉ង់មិនទាន់បញ្ជាក់នៅឡើយពីជំហររបស់ខ្លួន ក្រោយការប្រកាសរបស់ក្រសួងមហាផ្ទៃអ៊ីតាលីបែបនេះ។ កាលពីប្រកួតជើងទី១ នៅអាល្លឺម៉ង់នោះ អ្នកគាំទ្រក្រុមទាំងពីរមានការប៉ះទង្គិចគ្នាមុនការប្រកួត ហើយនគរបាលមានសមត្ថកិច្ចបានព្រមានថា នឹងអាចមានហានិភ័យកើតឡើងអំឡុងការប្រកួត។ ក្រុមជើងឯក Europa League រដូវកាលមុន Frankfurt កំពុងរីករាយនឹងទម្រង់ល្អបំផុតរបស់ខ្លួនក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ស្របពេលអ្នកគាំទ្រពួកគេក៏មានច្រើនដែរនៅពេលប្រកួតក្រៅដីម្តងៗ៕
អត្ថបទ៖នាង សុភាវុធ