ម៉ិកស៊ិក៖ មន្ត្រីប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកនិយាយថា ជនជាតិអាមេរិក ២នាក់ក្នុងចំណោម ៤នាក់ដែលត្រូវបានចាប់ជំរិតនៅប្រទេសម៉ិកស៊ិកកាលពីសប្តាហ៍មុនបានស្លាប់ ហើយពីរនាក់ទៀតនៅរស់ ដែលពេលនេះបានត្រឡប់មកសហរដ្ឋអាមេរិកវិញ។

ពលរដ្ឋអាមេរិក ៤នាក់ដែលត្រូវបានចាប់ជំរិតដោយជនប្រដាប់អាវុធកាលពីថ្ងៃទី៣ ខែមីនា ខណៈកំពុងបើកបររថយន្តចូលទៅក្នុងទីក្រុង Matamoros រដ្ឋ Tamaulizas ប្រទេសម៉ិកស៊ិកឆ្លងកាត់ព្រំដែនពីរដ្ឋ Texas។ បុរសម្នាក់ដែលគេស្គាល់ឈ្មោះថា José មកពីរដ្ឋ Tamaulizas ត្រូវបានចាប់ខ្លួន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby និយាយថា យើងចូលរួមរំលែកមរណទុក្ខចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ អគ្គមេធាវីរដ្ឋលោក Mouseiros Mojica និយាយនៅលើបណ្តាញ Twitter ថា ជនរងគ្រោះដែលរួចផុតពីការស្លាប់ ២នាក់ត្រូវបានប្រគល់ទៅឲ្យសហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថានកុងស៊ុលក្នុងទីក្រុង Matamoros។ ពួកគេត្រូវបាននាំទៅក្រោមការអមការពារប្រដាប់អាវុធ ដោយក្បួនយោធាប្រទេសម៉ិកស៊ិក។
ការិយាល័យស៊ើបអង្កេត FBI បានបញ្ជាក់ថា ជនជាតិអាមេរិក ២នាក់ត្រូវបានគេរកឃើញថាបានស្លាប់ ហើយពីរនាក់ទៀតត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ FBI និយាយថា ជនរងគ្រោះដែលនៅរស់ម្នាក់មានរបួសធ្ងន់អំឡុងការវាយប្រហារ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា ទីភ្នាក់ងារ FBI នឹងធ្វើការជាមួយដៃគូអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដើម្បីនាំយកអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដ៏រន្ធត់ និងអំពើហិង្សាដ៏ឃោរឃៅនេះមកកាត់ទោសសម្រាប់បទឧក្រិដ្ឋរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន