ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ នាទីសី្តការក្រសួង រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិ ត្រសិល្បៈ បានស្នើសុំការគាំទ្រពីឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ជួយគាំទ្រកម្ពុជា គ្រោងដាក់ក្រមា ទៅអង្គការយូណេស្កូ ក៏ដូចជាអង្គការបេតិកភណ្ឌពិភពលោក ចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
ជាការឆ្លើយតបឯកឧត្តម ផាក់ ចឹងអ៊ុក សូមគាំទ្រនូវសំណើររបស់លោកជំទាវ រដ្ឋមន្រី្ត និងរាយការណ៍ជូន និងធ្វើតាមយន្តការណ៍នៃផ្នែកជំនាញ រដ្ឋាភិបាលកណ្តាល ដើម្បីសិក្សា និងគាំទ្រនូវអ្វីដែលជាសំណើររបស់ភាគីកម្ពុជា។
តាមរយៈនៃជំនួបទ្វេរភាគីនេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបតិ្តការណ៍ដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ដែលបានធ្វើការរួមគ្នាលើវិស័យវប្បធម៌ ដែលមានសកម្មភាពជាច្រើន បានធ្វើជាមួយគ្នា លើសម្បតិ្តបេតិកភណ្ឌរូបី និងអរូបី។
ភាគីកូរ៉េ បានជួយជួសជុលអភិរក្សប្រាសាទនានានៅក្នុងតំបន់អង្គរ និងកិច្ចការមួយចំនួនទៀត គឺអភិរក្សឯកសារផ្សេងៗ ក៏ដូចជាសកម្មភាពសម្តែងសិល្បៈអបអរសាទរខួបការទូត មហោស្រពភាពយន្ត និងមហោស្រពសិល្បៈផ្សេងៗ។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ទាំងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម ផាក់ ចឹងអ៊ុក បានបង្ហាញពីកី្តរីករាយក្នុងការជម្រុញលើកិច្ចសហប្រតិបតិ្តការដ៏ល្អនេះទៅមុខបន្តទៀត ហើយកិច្ចការមួយចំនួនទៀត ដែលជាកិច្ចការចាស់ ដែលយើងត្រូវរំលឹកឡើង ដោយសារនាពេលកន្លងមក មិនថាប្រទេសកម្ពុជា ឬក៏បណ្តាប្រទេសនៅលើពិភពលោកនោះទេ គឺសុទ្ធតែរងផលប៉ះពាល់ខ្លាំងដោយសារវិបតិ្តកូវីដ-១៩។
ដូច្នេះធ្វើឲ្យសកម្មភាពមួយចំនួនមានការរអាក់រអួលលើគម្រោងមួយចំនួន ដូចជា គម្រោងពាក់ព័ន្ធនឹងការជួសជុលអភិរក្សប្រាសាទក្នុងតំបន់អង្គរ និងគម្រោងនានាទៀត។
ដូច្នេះលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានឯកភាពគ្នា និងជម្រុញស្ថានភាពទាំងនោះឡើងវិញ ហើយក៏បានគិតគូរផងដែរ នូវសកម្មភាពថ្មីៗមួយចំនួនទៀត ដែលជាសក្តានុពលរវាងប្រទេសទាំងពីរ ដូចជា កម្ពុជា សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ ចេញពីនេះក៏មានផលិតជាវត្ថុសិល្បៈផ្សេងៗ ត្រង់ចំណុចនេះភាគីកូរ៉េ មានបទពិសោធន៍លើផ្នែកនេះច្រើន ក្នុងការធ្វើយ៉ាងណាឲ្យចរន្តនៃការលក់ដូរវត្ថុអនុស្សាវរីយ៍ ឬក៏វត្ថុអ្វីផ្សេងៗ ដែលបង្កើតចេញពីស្នាដៃវប្បធម៌នេះ មានការរីកលូតលាស់ច្រើន។ ដូច្នេះទាមទារឲ្យកម្ពុជា-កូរ៉េ ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍រួមគ្នា ក្នុងជម្រុញនូវសកម្មភាពផ្សេងៗ ក្នុងការលើកស្ទួយនិងការធ្វើឲ្យប្រសើរឡើងនូវវប្បធម៌របស់យើង។
ជាការឆ្លើយតប ឯកឧត្តម ផាក់ ចឹងអ៊ុក បានសម្តែងការរីករាយ និងចូលរួមសហការ ដោយធ្វើយ៉ាងណាឲ្យចរន្តនៃសកម្មភាពវប្បធម៌ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗដែលចេញពីធនធានផលិតផលវប្បធម៌នេះ មានការរីកចម្រើននាពេលខាងមុខ៕អត្ថបទ រដ្ឋា