ក្រិក៖ ប្រទេសក្រិកប្រឈមមុខនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំជាថ្មី និងការតវ៉ានៅទូទាំងប្រទេសនៅថ្ងៃពុធនេះ ខណៈកំហឹងកើនឡើងចំពោះសោកនាដកម្មឧបត្តិហេតុរថភ្លើងបុកគ្នាដ៏អាក្រក់បំផុតរបស់ប្រទេស ដែលបានបណ្តាលឲ្យមនុស្ស ៥៧នាក់ស្លាប់កាលពីសប្តាហ៍កន្លងទៅនេះ។

មនុស្ស ១៤នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿងបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត ដែលភាគច្រើនជានិស្សិតនៅលើរថភ្លើងនៅជិតទីក្រុង Larissa កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រធានស្ថានីយម្នាក់ដែលបានសារភាពថា ភ្លេចបើកផ្លូវរថភ្លើងមួយខ្សែទៀតបណ្តាលឲ្យរថភ្លើងរត់លើផ្លូវដែកតែមួយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតដោយការធ្វេសប្រហែស និងការរំខានដល់ការដឹកជញ្ជូន។ លោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។ ប៉ុន្តែកំហឹងជាសាធារណៈនៅតែរាលដាលក្នុងប្រទេសក្រិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចំពោះការគ្រប់គ្រងបណ្តាញផ្លូវរថភ្លើងរបស់រដ្ឋាភិបាលមិនបានត្រឹមត្រូវ និងពុំបានបន្តកំណែទម្រង់សុវត្ថិភាព។
នៅថ្ងៃពុធនេះ មន្ត្រីរាជការប្រទេសក្រិកបានរៀបចំការបាតុកម្មថ្មី ២៤ម៉ោងរួមជាមួយក្រុមវេជ្ជបណ្ឌិត គ្រូបង្រៀន អ្នកបើករថយន្តក្រុង និងបុគ្គលិកនាវាចម្លង។ ផ្លូវរថភ្លើងនៅតែមិនដំណើរការក្នុងរយៈពេល ៨ថ្ងៃជាប់គ្នាមកនេះ ខណៈកម្មកររថភ្លើងបន្តសកម្មភាពធ្វើបាតុកម្ម ដែលពួកគេបានចាប់ផ្ដើមបន្ទាប់ពីគ្រោះថ្នាក់មក។ ការតវ៉ាកាលពីសប្តាហ៍មុនដែលបង្កឡើងដោយរថភ្លើងបុកគ្នា ត្រូវបានមើលឃើញថា នគរបាលបង្ក្រាបកុប្បកម្មបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយក្រុមបាតុករ រួមទាំងនៅទីក្រុង Athens។ ក្រសួងសណ្តាប់ធ្នាប់សាធារណៈបាននិយាយថា កិច្ចពិភាក្សាកំពុងត្រូវបានធ្វើឡើងជាមួយអ្នករៀបចំបាតុកម្ម ដើម្បីបញ្ចៀសអំពើហិង្សាថ្មី។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសក្រិកបានលាលែងពីតំណែងកាលពីថ្ងៃទី១ ខែមីនា ហើយនាយករដ្ឋមន្ត្រីលោក Kyriakos Mitsotakis បានសុំអភ័យទោសដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់៕
អត្ថបទ៖ ប៊ុនថន