ភ្នំពេញ៖ នាឱកាសចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសកម្មភាពដាំដើមឈើប្រមាណជាង ១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្ថិតនៅក្នុងឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញស្មារតីដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។
ក្នុងសកម្មភាពដាំដើមឈើ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមីនា នេះ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការដាំដើមឈើ នាឱកាសនេះ គឺជាសកម្មភាពបង្ហាញឱ្យឃើញពីការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍ ។ ការដាំដើមឈើមួយដើម នៅថ្ងៃនេះ ស្មើនឹងការសន្សំទ្រព្យ ដ៏ធំធេងសម្រាប់ការរស់នៅរបស់កូនចៅជំនាន់ក្រោយ ។
លោកបានបញ្ជាក់ថា «សកម្មភាពដាំដើមឈើ នៅថ្ងៃនេះ នឹងក្លាយទៅជាចលករជួយជំរុញមហាជនឱ្យបន្តចូលរួមដាំដើមឈើឡើងវិញ និងចូលរួមថែរក្សាការពារព្រៃឈើ ដែលមានស្រាប់សម្រាប់បច្ចុប្បន្ន និងទៅអនាគត» ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជា គឺជាប្រទេស ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ សម្បត្តិធនធានធម្មជាតិ ដែលអំណោយផលដល់ការបង្កើតនូវសក្ដានុ ពលអេកូទេសចរណ៍ ដែលជាគោលដៅ និងផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ។
ឯកឧត្តម បានលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួន អាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះ មិនមែនសម្រាប់តែទេសចរនោះទេ ពិសេស គឺសម្រាប់គូស្វាមីភរិយាថ្មី អាចដាំក្រោយពេលរៀបការហើយ ហើយថែរក្សាឱ្យបានរស់រាន លូតលាស់ធំ ធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ «ដើមឈើ អាចខ្វះមនុស្សបាន តែមនុស្សមិនអាចខ្វះដើមឈើ បានទេ» ពោលគឺនៅកន្លែងណា ក៏មនុស្សត្រូវការដើមឈើដែរ ។ «ដើមឈើជួយទាក់ទាញភ្ញៀវទេសចរ ជំរុញឱ្យសេដ្ឋកិច្ចសហគមន៍កាន់តែប្រសើរឡើង ទីណាមានដើមឈើ ទីនោះមានទេសចរ» ។
កូនឈើ ដែលបានដាំនាឱកាសនេះ គឺមានចំនួនសរុបប្រមាណជាង១០០ដើម ភាគច្រើនជាប្រភេទដើមធ្នង់ បេង និងនាងនួន ដែលសុទ្ធតែជាប្រភេទឈើប្រណីត ៕អត្ថបទ៖ លី សាងស៊ីន





