កំពង់ធំ៖ នៅថ្ងៃនេះ ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រារព្ធនៅចំណុចសួនស្ទឹងសែន ខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត” ។
ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនានេះ ដែលពិធីបើកជាផ្លូវការ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នារាត្រីថ្ងៃទី៩ ខែមីនា នេះ ។
បុណ្យទន្លេ មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ខេត្តតាមដង ទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តនៅតាមដងទន្លេទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។
ពិធីបុណ្យទន្លេ នឹងមានសកម្មភាពសំខាន់ៗ ដូចជា ១. ផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយ ភាពសិល្បៈ ការគំតន្រ្តី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និង អន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ, ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, និង៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំ ណាក់កីឡាករ និងកីឡាការនីជាតិ អន្តរជាតិ ។
នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការ រៀបចំបុណ្យ ក៏ខិតខំជំរុញស្មារតី និងសកម្មភាពកីឡាទៅដល់កីឡាករ-កីឡាការនី និងប្រជាជនទូទៅ ដើម្បីរួមគ្នាឆ្ពោះទីកាន់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ ដែលនៅសល់តែ៥៨ថ្ងៃទៀតប៉ុណ្ណោះ។
ឯកឧត្តមមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេ ឱ្យបន្តការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាជនពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ និងត្រូវកៀរគរឱ្យមានការចូលរួម លេងកីឡា និងជំរុញឱ្យមានការរៀបចំទីលានលេងកីឡាច្រើនប្រភេទ ៕អត្ថបទ៖ លី សាងស៊ីន








