អន្ដរជាតិ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅជប៉ុនលោក Rahm Emanuel និយាយនៅថ្ងៃពុធនេះថា ចិនមិនគួរណាភ្ញាក់ផ្អើលនោះឡើយ ពេលដែលទីក្រុងវ៉ាស៊ីងតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ពង្រឹងទំនាក់ទំនងយោធា ដើម្បីប្រឈមនឹងការដំឡើងសាច់ដុំយោធារបស់ទីក្រុងប៉េកាំងនោះ។
អំឡុងបទសម្ភាសន៍ជាមួយ CNNនៅផ្ទះរបស់លោកស្ថិតនៅទីក្រុងតូក្យូ លោក Emanuel និយាយថា អ្នកមើលឥណ្ឌា អ្នកមើលហ្វីលីពីន អ្នកមើលអូស្រ្តាលី អ្នកមើលសហរដ្ឋអាមេរិក កាណាដា ឬជប៉ុន។
រយៈពេល ៣ខែចុងក្រោយនេះ ចិនបានតតាំងគ្រប់ប្រទេស ហើយពួកគេបែរជាភ្ញាក់ផ្អើល ពេលដែលប្រទេសទាំងនេះ ចាត់វិធានការផ្ទាល់ខ្លួនដើម្បីការពារខ្លួនឯង ។ តើអ្វីទៅដែលពួកគេថា ពួកគេនឹងធ្វើនោះ ?។
កាលពីថ្ងៃអង្គារម្សិលមិញរដ្ឋមន្រ្តីការបរទេសថ្មីរបស់ចិន លោក Qin Gang បានព្រមានថា ជម្លោះ និងការប្រឈមដាក់គ្នាជាមួយសហរដ្ឋអាមេរិក នឹងមិនអាចចៀសផុត បើសិនជាទីក្រុងវ៉ាស៊ីងតោន នៅតែមិនផ្លាស់ប្តូរគំនិតរបស់ខ្លួន៕