សៀមរាប៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មជ្ឍមណ្ឌលស៊ីម៉ាក់ បានរៀបចំពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើខេត្ដសៀមរាប ក្រោយអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តមម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា។
សូមជម្រាបថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន ១០លានដុល្លារអាមេរិក។
ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១២.០១៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៤គ្រាប់ មីនកែច្នៃចំនួន២២គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះចំនួន៩០គ្រាប់ គ្រាប់បែកចង្កោមចំនួន៤.៣៩២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រទេទចំនួន៥៤.៧១៤គ្រាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋសរុបចំនួន៦៩៩.២៣៥នាក់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ ស្មើនឹង៦៧៤.៦១៨នាក់។ ដោយឡែកសម្រាប់ដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា សមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩.១៨៥គ្រាប់។
ជាមួយគ្នានោះ ខេត្តសៀមរាបមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបានដឹង និងមានក្នុងកំណត់ត្រាទិន្នន័យជាតិចំនួន៨៩.៦៣០.៣៣៣ ម៉ែត្រក្រឡា ក្នុងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារមីនមានចំនួន៨៤.៤៨៣.០១៥ម៉ែត្រក្រឡា និងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមមានចំនួន៥.១៤៧.៣១៨ ម៉ែត្រក្រឡា។
សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រទេសដែលរួមមាន គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកទំលាក់ ពីយន្តហោះ ជាដើម ឈានទៅការបញ្ចប់សំណល់យុទ្ធសង្គ្រាមទាំងស្រុងតែម្តង៕








