ហ្សកហ្ស៊ី៖ មនុស្សរាប់ពាន់នាក់បានតវ៉ាឈានដល់ថ្ងៃទី២ ជាប់គ្នានៅក្នុងរដ្ឋធានីទូប៊ូលីហ្ស៊ី (Tbilisi) របស់ប្រទេសហ្សកហ្ស៊ីកាលពីថ្ងៃពុធ ដោយបានប្រមូលផ្ដុំគ្នានៅខាងក្រៅសភាប្រឆាំងទៅនឹងច្បាប់ភ្នាក់ងារថ្មី ដែលក្រុមអ្នករិះគន់និយាយថា ផ្ដល់សញ្ញាឲ្យមានការផ្លាស់ប្ដូរទៅជារបបផ្ដាច់ការ។

ខណៈដែលពេលយប់ចូលមកដល់ នគរបាលបានប្រើកាណុងបាញ់ទឹក និងគ្រាប់បែកផ្សែងដើម្បីរុញមនុស្សជាច្រើនឲ្យត្រឡប់ក្រោយ បន្ទាប់ពីពួកគេបានទម្លាយរនាំងដែកនៅខាងមុខអគាររដ្ឋសភា។ ក្រុមតំណាងរាស្ត្រកាលពីថ្ងៃអង្គារបានអនុម័តអំណានដំបូងនៃសេចក្ដីស្នើច្បាប់ ដែលតម្រូវឲ្យអង្គការនានាដែលទទួលបានមូលនិធិជាង ២០% ពីបរទេសត្រូវចុះបញ្ជីជាភ្នាក់ងារច្បាប់ បើពុំនោះនឹងត្រូវផាកពិន័យធ្ងន់ធ្ងរ។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សចំនួន ៧៧នាក់ត្រូវបានឃុំខ្លួនក្រោយការតវ៉ាដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ នៅពេលដែលក្រុមតំណាងរាស្ត្របានអនុម័តអំណានដំបូងនៃច្បាប់នោះ។ នគរបាលរាប់ពាន់នាក់ភាគច្រើនប្រដាប់ដោយខែការពារកុប្បកម្ម បានឡោមព័ទ្ធតាមដងផ្លូវជុំវិញអគាររដ្ឋសភាដើម្បីបំបែកក្រុមអ្នកតវ៉ា។

ក្រុមអ្នកតវ៉ាបានចាប់ផ្ដើមបាតុកម្មកាលពីរសៀលថ្ងៃពុធ ដោយដើរក្បួននៅកណ្ដាលរដ្ឋធានីដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ដែលជាថ្ងៃឈប់សម្រាកជាសាធារណរបស់ប្រទេសនេះ និងពិភពលោកទាំងមូល។ គណបក្ស Georgian Dream ដែលជាគណបក្សកាន់អំណាចបាននិយាយថា វាត្រូវបានយកគំរូតាមច្បាប់របស់សហរដ្ឋអាមេរិកដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៣០។ ក្រុមអ្នករិះគន់ រួមទាំងលោកប្រធានាធិបតី Salome Zourabichvili និយាយថា វាជាការរំលឹកដល់ច្បាប់របស់រុស្ស៊ី ដែលវិមានក្រឹមឡាំងបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបលើក្រុមប្រឆាំង និងអាចប៉ះពាល់ដល់ឱកាសរបស់ហ្សកហ្ស៊ីនៃសមាជិកភាពរបស់សហភាពអឺរ៉ុប៕
អត្ថបទ៖ សុខមាន