ប៉ារ៉ាអូឡាំពិក៖ ថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារី។ ក្នុងទិវានេះដែរ ក្រុមកីឡាការិនីមានពិការភាពកម្ពុជាបានបង្ហាញការសាទរ និងលើកឡើងដោយភាពជឿជាក់ថា ពួកគាត់ជាស្ត្រីមានពិការភាព តែពួកគាត់មានលទ្ធភាពធ្វើរឿងគ្រប់យ៉ាង និងអាចក្លាយជាអត្តពលិកចូលរួមប្រកួតតំណាងជាតិថែមទៀតផង។
ក្រុមកីឡាការិនីមានពិការភាពរបស់កម្ពុជាប្រឆាំងដាច់ខាតជាមួយនឹងគំនិតដែលលើកឡើងថា ស្ត្រី ពិសេសស្ត្រីមានពិការភាពមានភាពទន់ខ្សោយ និងពុំអាចធ្វើអ្វីបាននោះទេ។ ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារីនេះ ពួកគាត់ខណៈកំពុងហ្វឹកហាត់យ៉ាងសកម្មជាប្រចាំថ្ងៃ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមខាងមុខ លើកឡើងថា ពិការភាពពុំមែនជាឧបសគ្គនោះទេ។ ពួកគាត់មិនផ្ដេកផ្តួលលើពិការភាព ផ្ទុយទៅវិញពួកគាត់ប្រឹងប្រែង មានសមត្ថភាពធ្វើរឿងគ្រប់យ៉ាង អាចចិញ្ចឹមជីវិតដោយខ្លួនឯង ជាពិសេសក្លាយជាអត្តពលិកអាជីពធ្លាប់ចូលរួមប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេសជាច្រើនដង ថែមទាំងបានជ័យលាភី ទទួលបានមេដាយមាសជូនជាតិកម្ពុជាថែមទៀតផង។ ក្នុងនាមជាស្ត្រីមានពិការភាព ពួកគាត់សូមលើកទឹកចិត្តជូនស្ត្រី ពិសេសស្ត្រីមានពិការភាពទាំងអស់ត្រូវពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង និងជឿជាក់លើខ្លួនឯងថាអាចធ្វើវាបាន។
ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ក៏បានកោតសសើរចំពោះសមត្ថភាព ក៏ដូចជាកិច្ចប្រឹងប្រែងរបស់អត្តពលិកជាស្ត្រីមានពិការភាព។ ឯកឧត្តមបញ្ជាក់ថា កន្លងទៅក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី គឺកីឡាការិនីមានពិការភាព មានសមិទ្ធផលល្អជាងក្រុមកីឡាករជាបុរសទៅទៀត។ ឯកឧត្តមថា ក្រុមនារីបានទទួលមេដាយមិនដែលខានក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម តួយ៉ាងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នារីមានមេដាយមាស ៤គ្រឿង ច្រើនជាងក្រុមបុរសដែលមានមេដាយមាសតែ ៣គ្រឿង។ ឯកឧត្តមលើកឡើងដែរថា កីឡាការិនីគឺមានចំនួន ៥០នាក់ស្មើ១ភាគ៣ បើប្រៀបនឹងកីឡាករជាបុរស៕
អត្ថបទ៖ គឹម ហុក