អ៊ីរ៉ង់៖ យោងតាមរបាយការណ៍បញ្ចេញដោយអង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ អ៊ីរ៉ង់បានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជិតដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរបានហើយ ដែលនឹងធ្វើឲ្យទីក្រុងតេអេរ៉ង់ជិតក្លាយជាមហាអំណាចនុយក្លេអ៊ែរ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬ IAEA បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា អ៊ីរ៉ង់បានផលិតភាគល្អិតនៃអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់រហូតដល់ 83.7% នៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម Fordo នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានចេញការព្រមានដ៏ម៉ឺងម៉ាត់មួយ ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
លោកស្រី Corinne Kitsell ឯកអគ្គរដ្ឋទូតអង់គ្លេស និងលោក Götz Schmidt-Bremme ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអង្គការឃ្លាំមើលនុយក្លេអ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា របកគំហើញពេញលេញដែលរៀបរាប់ដោយរបាយការណ៍ របស់អគ្គនាយកភ្នាក់ងារនេះគួរឱ្យព្រួយបារម្ភ ព្រោះអ៊ីរ៉ង់នៅតែបន្តការបង្កើនវត្ថុធាតុសម្រាប់ផលិតនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន