ភ្នំពេញ៖ នាឱកាសពិធីបុណ្យទន្លេលើកទី៧ ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកបញ្ជាក់ថា ការរីកចំរើនវិស័យទេសចរណ៍គឺជាមាសបៃតង។
សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះកម្ពុជាបានឆ្លងកាត់នូវការវិវឌ្ឍយ៉ាងច្រើនទាំងក្នុងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រជាជនកម្ពុជាបានកំពុងរីករាយ ជាមួយសមិទ្ធផលដែលកើតចេញមកអំពីសន្តិភាព ហើយតាមរយៈមនុញ្ញផលនៃសុខសន្តិភាពនេះហើយ ដែល បានផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាបន្តការខិតខំ ដើម្បីក្រោកឈរឡើង ធ្វើឱ្យប្រទេសកម្ពុជាមានការលូតលាស់ ក្នុងអត្រានៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។
ទោះបីប្រឈម នឹងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ -២០២១ ប៉ុន្តែកម្ពុជាបានទទួលជោគ ជ័យ ក្នុងការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២កន្លងមក។ សារលិខិតបន្តថា៖ផ្លែផ្កានៃសន្តិភាព ក៏បានជំរុញឱ្យវិស័យ ទេសចរណ៍កម្ពុជា ដែលជាទេសចណ៍វប្បធម៌ និងធម្មជាតិ ហើយ ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា "មាសបៃតង" សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន កម្ពុជា។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក វិស័យនេះក៏បានបង្ហាញភាពធន់នឹងវិបត្តិ ក្រោម វិធានការអន្តរាគមន៍ជាច្រើនរបស់រាជរដ្ឋាភិបាល។ដោយឡែក ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្ន ដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គជាដើម។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិ បាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។
ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជា ខេត្តជម្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយ តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។
រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕









