ចិន៖ ប្រទេសចិនបានព្រមានកោះតៃវ៉ាន់ថា ខ្លួននឹងចាត់វិធានការឆ្លើយតបកាន់តែក្ដៅថែមទៀត ជាងសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានកាលពីរដូវក្ដៅឆ្នាំមុន ប្រសិនបើមេដឹកនាំរបស់កោះនេះជួបអ្នកនយោបាយជាន់ខ្ពស់អាមេរិក តាមគម្រោងនៅខែក្រោយមែននោះ។
ប្រធានសភាអាមេរិកលោក Kevin McCarthy គ្រោងនឹងជួបពិភាក្សាជាមួយលោកស្រី Tsai Ing-wen មេដឹកនាំកោះតៃវ៉ាន់នៅក្នុងរដ្ឋ California នៅខែមេសា នៅពេលដែលលោកស្រីគ្រោងថ្លែងនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ខណៈធ្វើដំណើរទៅកាន់អាមេរិកកណ្ដាលសម្រាប់ដំណើរផ្លូវការ។ ការមន្ទិលជុំវិញលទ្ធភាពដំណើរទស្សនកិច្ចរបស់លោក McCarthy ទៅកាន់កោះតៃវ៉ាន់ បានធ្វើឲ្យទីក្រុងប៉េកាំងដែលបានអះអាងសិទ្ធិលើកោះមួយនេះថា ជាដែនដីរបសខ្លួនផ្ទុះកំហឹង។ យ៉ាងណាជំនួបនេះទំនងជាត្រូវបានរៀបចំនៅក្នុងសហរដ្ឋអាមេរិកវិញ ដែលមានសេចក្ដីរាយការណ៍ថា ដើម្បីបញ្ចៀសភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន។
ប៉ុន្តែលោក McCarthy ពុំបានច្រានចោលដំណើរទៅកាន់កោះតៃវ៉ាន់នៅឆ្នាំនេះទេ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរកាលពីថ្ងៃអង្គារថា តើនៅពេលណា លោកថា ប្រទេសចិនមិនអាចប្រាប់លោកថា លោកត្រូវទៅពេលណា និងកន្លែងណាបានឡើយ។ សារព័ត៌មានរដ្ឋចិនបានព្រមានកាលពីថ្ងពុធថា ជំនួបបែបនេះមិនថាកើតឡើងនៅទីណា នឹងត្រូវបានចាត់ទុកជាការប្រឈមដាក់គ្នាធ្ងន់ធ្ងរពីទីក្រុងប៉េកាំង។ សារព័ត៌មានរដ្ឋចិនដដែលបាននិយាយកាលពីថ្ងៃពុធថា ទង្វើរបស់ McCarthy នឹងបង្កឲ្យមានភាពតានតឹងថ្មីដោយជៀសមិនផុតនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយវិធានការឆ្លើយអាចធ្ងន់ធ្ងរជាងកាលពីមុន អំឡុងអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខមាន