ស៊ីហ្គេម៖ គិតត្រឹមថ្ងៃទី៩ ខែមីនានេះមានកីឡាករ-កីឡាការិនី និងប្រតិភូអមដំណើរកីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ានប្រមាណជាង ៩០០០នាក់ក្នុងនោះមានកីឡាករ-កីឡាការិនីប្រកួតមានជិត ៥៥០០នាក់បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES និងកីឡា ASEAN PARA GAMES២០២៣ នៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់ BTV ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធចុះឈ្មោះទទួលកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 ទេ ហើយយើងរំពឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំនេះនឹងមានកីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសចំនួន១១ ចុះឈ្មោះចូលរួមប្រកួតកើនដល់ ៦០០០ ទៅ ៧០០០នាក់។ ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការប្រកួតកីឡា SEA GAMES ដែលកម្ពុជារៀបចំធ្វើម្ចាស់គឺបានរៀបចំវិញ្ញាសាប្រកួតចំនួន ៥០៨វិញ្ញាសា ក្នុងចំណោមប្រភេទកីឡាចំនួន ៣៦ បូករួមនឹងវិញ្ញាសាសំដែងមួយទៀតគឺ ៣៧ប្រភេទកីឡា ខណៈវិញ្ញាសាការប្រកួតដំបូងគេគឺវិញ្ញាសាបាល់ទាត់ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបន្តថា នៅក្នុងចំណោមវិញ្ញាសាប្រកួតកីឡានោះ គឺមានវិញ្ញាសាមួយចំនួនរៀបចំនៅរាជធានីភ្នំពេញ ខ្លះប្រកួតនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងវិញ្ញាសាខ្លះទៀតរៀបចំប្រកួតនៅខេត្តកំពត និងកែប។ សូមបញ្ជាក់ថា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការៀបចំអស់ប្រមាណជាង ១០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា បង្កើនសមត្ថភាពកីឡាករ-កីឡាការិនីនៅកម្ពុជានៅគ្រប់សហព័ន្ធកីឡាចូលរួមប្រកួតផង និងការប្រើប្រាស់កម្លាំងមនុស្សធ្វើការងាររៀបចំប្រមាណជិត ១០០០០នាក់ ផ្តល់ការងារដោយប្រយោលរាប់ពាន់នាក់បន្ថែមទៀតផងដែរ៕
អត្ថបទ៖ ស៊ុម សុខជា

