
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង និងបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិកជាង ៥១ម៉ឺនកន្លែង ដែលសរុបតម្លៃផលិតផលជាង ២ពាន់លានដុល្លារអាមេរិក ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា បច្ចុប្បន្នភ្នំពេញ មានសំណង់អគារផ្សារទំនើបជាច្រើនកន្លែង បានបើកដំណើរការ និងកំពុងសាងសង់ ហើយផ្ដល់ការងារដល់ប្រជាពលរដ្ឋ បានជាច្រើននាក់ទាំងផ្ទាល់ និងប្រយោល ។
ឯកឧត្តមបន្តថា រាជធានីភ្នំពេញ ការធ្វើអាជីវកម្មកំពុងមានការកើនឡើង ក្នុងនោះរោងចក្រមានចំនួនជាង៧៦០កន្លែង និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានជាង ៥.៤០០កន្លែង ដែលមានតម្លៃផលិតផលប្រមាណជាង ២ពាន់លានដុល្លារ បានផ្ដល់ការងារដោយផ្ទាល់ជូនកម្មករ កម្មការិនី ចំនួនជាង ៥១ម៉ឺនកន្លែង។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា ទោះពិភពលោកមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាផ្សេងៗ ប៉ុន្តែកាលពីឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១ ១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥លានដុល្លារអាមេរិក ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ផែនការធំៗឆ្នាំ២០២៣ ដែលសាលារាជធានីភ្នំពេញ និងគ្រប់បណ្ដាខណ្ឌត្រូវពិភាក្សា និងត្រូវដោះស្រាយបញ្ហាសំណល់, ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ផ្ដោតសំខាន់លើបញ្ហាដីធ្លី, ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការស៊ីហ្គេម និងប៉ារ៉ាហ្គេម, បន្តអនុវត្តភូមិឃុំ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ និងការងារគ្រោះមហន្តរាយ ៕ អត្ថបទ បាន សុខរិទ្ធិ