អាហ្វហ្គានីស្ថាន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានព្រមានកាលពីថ្ងៃពុធ ទី៨ ខែមីនាថា ការបង្ក្រាបរបស់រដ្ឋបាលក្រុមតាលីបង់លើសិទ្ធិស្ត្រី ទំនងជានាំឱ្យមានការកាត់ជំនួយ និងមូលនិធិអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ ជាកន្លែងដែលស្ត្រីព្រួយបារម្ភថានឹងត្រូវបានកាត់ផ្តាច់ចេញពីជីវិតសាធារណៈ ដូចជាការស្លាប់ដោយអំពើហិង្សាជាដើម។

លោកស្រី Roza Otunbayeva និយាយថា អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវរកជំនួយច្រើនបំផុត សម្រាប់ប្រទេសនេះតែមួយគត់ដែលពុំធ្លាប់មានពីមុនមក ដោយស្នើសុំជំនួយ ៤.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដើម្បីផ្តល់ជំនួយទៅឲ្យអាហ្វហ្គានីស្ថាន ជាប្រទេសដែលប្រជាជនពីរភាគបីប្រហែល ២៨លាននាក់ត្រូវការជំនួយដើម្បីរស់។ ប៉ុន្តែលោកស្រីបាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការផ្តល់ជំនួយនេះត្រូវប្រឈមនឹងហានិភ័យរបស់រដ្ឋបាលក្រុមតាលីបង់ ហាមឃាត់ស្ត្រីមិនឱ្យចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យ មិនឲ្យទៅលេងកំសាន្តនៅសួនឧទ្យាន និងមិនឲ្យប្រើការនៅក្នុងក្រុមអង្គការផ្តល់ជំនួយ។
ស្ត្រីក៏មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីលំនៅឋានដោយគ្មានសាច់ញាតិជាបុរសដែរ ហើយត្រូវបិទបាំងមុខ។ លោកស្រី Otunbayeva និយាយថា ខណៈស្ត្រីអាហ្វហ្គានីស្ថានមួយចំនួនបាននិយាយថា ដំបូងឡើយពួកគេស្វាគមន៍ក្រុមតាលីបង់ដែលឡើងកាន់អំណាច ព្រោះវាបានបញ្ចប់សង្គ្រាម ប៉ុន្តែពួកគេបានចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមយ៉ាងឆាប់រហ័ស។ លោកស្រី Lana Nusseibeh ឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់រួមនិយាយថា ក្រុមតាលីបង់បានដកហូតសិទ្ធស្ត្រី និងក្មេងស្រីជាប្រព័ន្ធនូវសិទ្ធិមនុស្សជាមូលដ្ឋាន។ ការសម្រេចទាំងនេះពុំមានជាប់ពាក់ព័ន្ធជាមួយសាសនាឥស្លាម ឬវប្បធម៌អាហ្វហ្គានីស្ថាននោះទេ ហើយប្រឈមនឹងការបន្ថែមភាពឯកោពីអន្តរជាតិរបស់ប្រទេសនេះបន្ថែមទៀត៕
អត្ថបទ៖ ប៊ុនថន