បាល់ទាត់៖ ទីបំផុតក្លិបបាល់ទាត់ប៊ែលហ្ស៊ិក Club Bruges ពិតជាសម្រេចបញ្ចប់តំណែងអ្នកចាត់ការលោក Scott Parker មែនក្រោយដឹកនាំបានត្រឹម ៣ខែប៉ុណ្ណោះ។ អតីតអ្នកចាត់ការ Bournemouth និង Fulham រូបនេះបានដឹកនាំ Club Bruges ឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ប្រកួតក្នុងតំណែង។
បុរសវ័យ ៤២ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះចុងក្រោយបំផុតដឹកនាំ Club Bruges ចាញ់នៅផ្ទះ Benfica ៥-១ ធ្លាក់ពី UEFA Champions League ក្រោយចាញ់ក្រុមព័រទុយហ្កាល់សរុបទាំងពីរជើង ៧-១។ រំលឹកថាលោក Scott Parker ដែលធ្លាប់ដឹកនាំ Fulham ចន្លោះឆ្នាំ២០១៩ ដល់ ២០២១ នោះបានដឹកនាំ Bournemouth កាលពីដើមរដូវកាលនេះតែបានត្រឹម ៤ប្រកួតប៉ុណ្ណោះក៏ត្រូវបានដកតំណែង។ ក្រោយមកអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានតែងតាំងឱ្យដឹកនាំ Club Bruges កាលពីថ្ងៃទី៣១ ខែធ្នូ។ ក្រុមជើងឯកលីគកំពូលប៊ែលហ្ស៊ិក ១៨សម័យ Club Bruges បច្ចុប្បន្នកំពុងឈរលេខ ៤ តាមពីក្រោយក្រុមកំពូលតារាង Genk ដល់ទៅ ២១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ