កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសនៅថ្ងៃនេះពីការរកឃើញជនជាតិវៀតណាម ០៣នាក់ បានឆ្លងមេរោគកូវីដ-១៩ នៅឯស្រុកបរិបូណ៌។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ជនជាតិវៀតណាមទាំង ៣នាក់នោះ មានបុរសម្នាក់អាយុ ៥២ឆ្នាំ និងស្ត្រី ២នាក់ ម្នាក់អាយុ ៤៨ឆ្នាំ និងម្នាក់ទៀតជាកុមារីអាយុ ១០ឆ្នាំ ដែលរស់នៅក្នុងភូមិឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ទៀតថា ជនជាតិវៀតណាមទាំង ៣នាក់នេះ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានប្រាស្រ័យទាក់ទងជាមួយស្ត្រីជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ ដែលត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃទី២៥ ខែមេសានេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានជូនដំណឹងទៅដល់អ្នកធ្លាប់ប្រាស្រ័យទាក់ទងនឹងជនជាតិវៀតណាមទាំង ៣នាក់នោះ ឱ្យទៅផ្ដល់សំណាកនៅឯមន្ទីរពេទ្យបង្អែកបរិបូណ៌៕
