អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានត្រៀមវាយបកទប់ទល់ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Bakhmut ទោះបីជារុស្ស៊ីបានអះអាងគ្រប់គ្រងលើដែនដីទីក្រុងនេះពាក់កណ្ដាលហើយក៏ដោយ។

មួយក្នុងចំណោមសមរភូមិដ៏ក្ដៅគគុកជាច្រើន រយៈពេលជាងមួយឆ្នាំមកនេះក្រុមអ្នកស្នេហាជាតិអ៊ុយក្រែន ដែលកាលពីសប្ដាហ៍មុនទំនងជាបានត្រៀមចាកចេញពីទីក្រុង Bakhmut នៅតែបន្តវាយបកវិញនៅឡើយកាលពីថ្ងៃពុធ ទី៨ មីនា។ មេបញ្ជាការកងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅលើបណ្ដាញសង្គម Facebook ថា សត្រូវនៅតែបន្តការវាយប្រហារ និងពុំមានសញ្ញាផ្អាកការវាយសម្រុកលើទីក្រុង Bakhmut ទេ។ ក្រុមអ្នកស្នេហាជាតិរបស់យើងបានវាយប្រហារបកវិញលើទីក្រុងនេះ និងកំពុងឡោមព័ទ្ធសហគមន៍មួយចំនួន។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ទាក់ទងនឹងសមរភូមិដណ្ដើមទីក្រុង Bakhmut និងការឡោមព័ទ្ធតំបន់ Donbas ថា នេះគឺជាអាទិភាពដំបូងរបស់យើង។
ទីក្រុង Kyiv និយាយថា ការបរាជ័យរបស់រុស្ស៊ីអាចកំណត់ពីស្ថានភាពនៃសង្គ្រាម ខណៈអ៊ុយក្រែនបានរំពឹងទុកថា នឹងបើកការវាយបកវិញនៅពេលអាកាសធាតុប្រសើរជាងនេះ និងនៅពេលដែលខ្លួនទទួលបានជំនួយយោធាបន្ថែមទៀតពីលោកខាងលិច រួមទាំងរថក្រោះប្រយុទ្ធធុនធ្ងន់។ មន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន ដែលបានប៉ះចំអគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង Kharkiv និងទីក្រុង Odesa៕
អត្ថបទ៖ សុខមាន