បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ីតាលី Moise Kean បានក្លាយជាកីឡាកររបស់ក្លិបសេះបង្កង់ Juventus ជាផ្លូវការហើយដោយផ្ទេរពី Everton ក្នុងតម្លៃ ២៥លានផោន។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបាននៅជាមួយ Juventus រយៈពេល ២រដូវកាលមកហើយក្នុងកិច្ចសន្យាខ្ចី ដែលអមភ្ជាប់ជាមួយជម្រើសទិញផ្តាច់។

Moise Kean ដែលធ្លាប់បង្ហាញខ្លួន ១២ប្រកួតឱ្យក្រុមជម្រើសជាតិអ៊ីតាលីដែរនោះបានផ្លាស់ទៅកាន់ Everton ក្នុងតម្លៃ ២៥លានផោនកាលពីឆ្នាំ២០១៩ តែរកបានត្រឹម ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៩លើក។ ក្រោយមក Kean ក៏បានចាកចេញពី Everton ក្នុងកិច្ចសន្យាខ្ចីនៅ Paris Saint Germain បង្ហាញខ្លួនបាន ៤១ប្រកួតរកបាន ១៧គ្រាប់ឈ្នះជើងឯក French Cup។ Moise Kean ក៏បានបន្តដំណើរមកកាន់ក្លិបអ៊ីតាលី Juventus កាលពីឆ្នាំ២០២១ បង្ហាញខ្លួនសរុបមកទល់ពេលនេះបាន ៧៤ប្រកួតរកបាន ១៣គ្រាប់ឈ្នះជើងឯក Serie A ២លើក និង Coppa Italia។
កាលពីថ្ងៃអាទិត្យ Moise Kean ត្រូវបានអាជ្ញាកណ្តាលបណ្តេញក្រោយផ្លាស់ប្តូរចូលលេងបានត្រឹម ៤០វិនាទីក្នុងបរាជ័យរបស់ Juventus នៅទឹកដី Roma។ Juventus កំពុងឈរលេខ៨ នៅ Serie A បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីដាក់ពិន័យកាត់ ១៥ពិន្ទុកាលពីខែមករា៕
អត្ថបទ៖នាង សុភាវុធ