ឧត្តរមានជ័យ៖ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រីទាំងអស់ នៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល សមភាពយេនឌ័រ"។
ក្នុងពិធីនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា គោលបំណងនៃកម្មពិធីនេះ គឺដើម្បីរំលេចពីតម្លៃនៃសុខសន្តិភាព និងការលើកកម្ពស់ វប្បធម៌ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ គិតគូរយកចិត្តទុកដាក់ខ្ពស់ ជំរុញឲ្យមានការចូលរួម ពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនៈភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គមផងដែរ។
ឯកឧត្ដម ប៉ែន កុសល្យ បន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដោយផ្ដោតសំខាន់ទៅលើគោលនយោបាយសមភាព”យេនឌ័រ” ដែលចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមសកម្មភាពផ្សេងៗក្នុងដំណើរឆ្ពោះទៅមុខ និងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីឲ្យមានសមភាពពិតប្រាកដរវាងបុរស និងស្ត្រីដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី គឺជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារតាមរយៈ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិនប្រព្រឹត្តអំពើឧបាយមុខ និងការប្រើហិង្សាគ្រប់រូបភាពនោះឡើយ ដើម្បីធ្វើការ ទប់ស្កាត់ និង កាត់បន្ថយ នូវរាល់អំពើហិង្សា ព្រមទាំងដោះស្រាយរាល់បញ្ហា ជម្លោះ នានា ប្រកបទៅដោយ សន្តិវិធីក្នុងការងារសង្គមផងដែរ ។
យ៉ាងណាម៉ិញឯកឧត្ដម ក៏បានស្នើរដល់ស្រ្តីនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបង្កើនការខិតខំប្រឹងប្រែងរៀនសូត្រសំដៅពង្រឹងលើកម្ពស់សមត្ថភាព យេនឌ័រ និងចំណេះដឹងរបស់ខ្លួន ឲ្យបានច្រើនបន្ថែមទៀតដើម្បីក្លាយជាអ្នកដឹកនាំប្រកបទៅដោយវឌ្ឍនៈ និងជំហររឹងមាំ សម្រាប់ចូលរួមក្នុងការកសាងសង្គមជាតិបន្ថែមឲ្យមានភាពរីកចំរើនបន្តទៀតផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ








