ភ្នំពេញ ៖ កងទ័ពកម្ពុជាចំនួន២,៨៣១នាក់ រួមជាមួយនិងកងទ័ពចិនចំនួន២៥៧នាក់ នឹងធ្វើសមយុទ្ធរួមគ្នាដោយ មានលក្ខណៈទ្រង់ទ្រាយធំក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជា ពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។ នេះបើតាមការបញ្ជាក់ របស់ឧត្តមសេនីយ៍ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រាប់ ទូរទស្សនBTVកាលពីថ្ងៃទី៨ខែមីនាម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន បានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នានៅថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
លោកឧត្តមសេនីយ៍ទោ បាន បញ្ជាក់បន្ថែមទៀតថា «សមយុទ្ធឆ្នាំនេះមានឈ្មោះថា នាគមាស ២០២៣ ក្រោមប្រធានបទ « ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន»។ ពិធីបើកសមយុទ្ធនេះជាផ្លូវការនៅថ្ងៃទី២៣ ខែមីនានេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិកម្ពុជា។
បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានឲ្យដឹងផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន យើងបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះយើងធ្វើរួមគ្នាបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ ២០២០ ។ យើងផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានោះដែរ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល និងស្លន់ស្លោរពេលដែលកងទ័ព កម្ពុជា និងចិនធ្វើការដឹកសម្ភារៈតាមបណ្តោយផ្លូវជាតិលេខ៥ដើម្បីរៀបចំធ្វើសមយុទ្ធ នៅថ្ងៃទី២០នាពេលខាងមុខនេះផងដែរ៕
អត្ថបទ ៖ បាន ចក់
