ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញបណ្តាក្រុមហ៊ុនទូរសព្ទ បង្កើនការដំឡើងប្រព័ន្ធកម្លាំងInternet wifi ភ្ជាប់បណ្តាញទូរសព្ទ ល្បឿនលឿនឲ្យបានខ្លាំងជាមុន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមទទួលភ្ញៀវជាតិអន្តរជាតិទស្សនាការប្រកួតកីឡា SEA GAMES និងASEAN PARA GAMES ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់BTVថា នៅពេលនេះ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្តាក្រុមការងារក្រុមហ៊ុនទូរសព្ទចល័តនានា បាននឹងកំពុងញាប់ដៃជើង រៀបចំដំឡើងបំពាក់ឧបករណ៍ភ្ជាប់ប្រព័ន្ធសេវាទូរសព្ទ Internet wifi នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងភូមិកីឡា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតំបន់ប្រកួតកីឡាធំៗនានាទៀតនៅតាមបណ្តាខេត្ត។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នៅក្នុងដំណើរការរៀបចំដំឡើងប្រព័ន្ធសេវាទូរសព្ទInternet wifiបន្ថែមនេះផងដែរ នៅក្នុងអំឡុងពេលប្រកួត បណ្តាក្រុមហ៊ុនទូរសព្ទចល័តទាំងអស់នោះ នឹងផ្តល់Sim Card អត់គិតថ្លៃ ដែលមានការភ្ជាប់ប្រព័ន្ធសេវាទូរសព្ទ internet ជូនកីឡាករ កីឡាការនីប្រកួតSEA GAMES និងប្រតិភូអមដំណើរកីឡាករ កីឡាការនីជាតិអន្តរជាតិប្រើប្រាស់ដោយសេរីផងដែរ។
បើតាមក្រុមវិស្វករដំឡើងប្រព័ន្ធភា្ជប់ការទំនាក់ទំនង បានថ្លែងប្រាប់BTVថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិនៅពហុកីឡដ្ឋានជាតិមរតកកន្លងមក ដែលមានមនុស្សចូលរួមទស្សនាច្រើន បានធ្វើប្រព័ន្ធសេវាទូរសព្ទ Internetចុះខ្សោយខ្លាំង នៅពេលនេះ ក្រសួងប្រៃសណីយ៍ បានជំរុញឲ្យក្រុមហ៊ុនបណ្តាញទូរសព្ទនានា មកដំឡើងប្រព័ន្ធសេវាបណ្តាញទូរសព្ទ Internet wifiឲ្យបានខ្លាំងជាងមុន ដើម្បីត្រៀមទទួលភ្ញៀវជាតិអន្តរជាតិចូលទស្សនាប្រកួតកីឡាSEA GAMES ប្រើប្រាស់ទូរសព្ទមានដំណើរល្អ។
សូមបញ្ជាក់ថា ការដំឡើងប្រព័ន្ធភ្ជាប់សេវាទូរសព្ទ និងInternet ល្បឿនលឿននេះ គឺបានដំឡើងបានប្រមាណជាង៩០% ដែលមានក្រុមហ៊ុនសែលខាត ក្រុមហ៊ុន ស្មាត និងក្រុមហ៊ុនmetfone៕អត្ថបទ៖ ស៊ុមសុខជា