ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញទៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) រៀបចំចម្ការកៅស៊ូចាស់ៗ ឲ្យក្លាយទៅជាសារមន្ទីរចម្ការកៅស៊ូឲ្យបានល្អ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹងថាមាននៅតំបន់ណាខ្លះ ។
ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យ និងអង្គភាពចំណុះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា មន្ត្រីជំនាញត្រូវផ្តល់ពូជថ្មី និងបំបៅឱ្យមានប្រសិទ្ធភាពនូវពូជមួយនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍដំណាំកៅស៊ូ ដោយគាំទ្រដល់ប្រតិបត្តិការអភិវឌ្ឍកៅស៊ូលើខ្សែច្រវាក់ផលិតកម្មទាំងមូល ។
ឯកឧត្តមបន្ថែមថា ដើម្បីសម្រេចការងារ CRRI ត្រូវធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវរួមគ្នាក្នុងការការពារកៅស៊ូព្រមទាំងបច្ចេកទេស និងការឆ្លើយតបនឹងបញ្ហាអាកាសធាតុក្នុងនោះត្រូវធ្វើការថែរក្សាព្យាបាល និងជួសជុលកៅស៊ូឱ្យបានល្អ និងត្រូវសិក្សាពីទីផ្សារកៅស៊ូ ដើម្បីទទួលបានតម្លៃល្អ មានស្ថិរភាព បង្កើនចំណូលមកវិញ ហើយ CRRI ត្រូវធ្វើការងារបន្ថែមទៀត ដោយក្នុងនោះត្រូវថែរក្សា និងរៀបចំផ្ទៃដីកៅស៊ូចាស់ៗ ឱ្យក្លាយជាសារៈមន្ទីរកៅស៊ូឱ្យបានល្អ ។
ជាមួយនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យវិទ្យាស្ថានទាំងពីរ CARDI និង CRRI ធ្វើការពិនិត្យបន្ថែមទៀត លើការប្រើប្រាស់ពាក្យខ្មែរឱ្យត្រឹមត្រូវទៅតាមក្បួន ហើយឱ្យអ្នកអានងាយយល់ពីគោលបំណង និងខ្លឹមសារឱ្យបានច្បាស់លាស់។
សូមជម្រាបជូនថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា គឺអង្គភាពនីមួយៗមានការិយាល័យចំនួន១០ និងមជ្ឈមណ្ឌលចំនួន១ ដូចគ្នា៕ អត្ថបទ ៖ សុខរិទ្ធ



