ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទARDB បានពង្រីកសាខាថ្មីមួយនៅខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករ សហគមន៍កសិកម្ម និង អ្នកប្រកបរបរពាក់ពន្ធ័ទៅនឹងវិស័យកសិកម្មអាចទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប និង កាន់តែងាយស្រួលជាងមុន។ កម្មវិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ និងតំណាងសហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង សរុបប្រមាណជាង៣០០នាក់។
ឯកឧតត្តម កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍កសិកម្មនិង ជនបទ បានមានប្រសាសន៍ថា ការបើកសាខាថ្មី នៅខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលជាងមុនចំពោះប្រជាពលរដ្ឋ អាចទទួលសេវាឥណទានពីធនាគារ មិនត្រឹមតែពលរដ្ឋនៅខេត្តបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋនៅខេត្តពោធិ៍សាត់ និង បន្ទាយមានជ័យ ក៏អាចមកទទួលសេវានៅសាខាបាត់ដំបងបានដែរ។ ឯកឧត្តមបន្តទៀតថា ខេត្តបាត់ដំបង ទទួលបានកម្ចីប្រមាណជិត៣០ភាគរយនៃឥណទានសរុបដែលARDB បានប្រតិបត្តិការកន្លងមក ដែលក្នុងនោះបានជួយទៅដល់កសិករលើការងារដាំដុះស្រូវ ឃ្លាំងម៉ាស៉ីនកិនស្រូវ ឡសម្ងួតស្រូវ ការកែច្នៃផលិតផលកសិកម្ម ផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម និង សហគ្រាសខ្នាតតូច និង មធ្យមដែលស្របទៅនឹងបេសសកម្មរបស់ធនាគារARDBក្នុងការជួយជ្រោមជ្រែងទៅលើវិស័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ។
ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបច្ចុប្បន្ននេះ បាននឹងកំពុងអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការគិតគូរខ្ពស់ទៅលើវិស័យ ទេសចរណ៍ សំណង់ ការវិនិយោគ និង វិស័យកសិកម្មជាដើម។ ការដាក់ចេញនូវផែនការសកម្មភាពស្តារសេដ្ឋកិច្ចឡើងវិញនេះ នឹងផ្តល់ឱកាសដល់កសិករ អាចពង្រីកការងារដាំដុះ ការកែច្នៃ ការនាំចេញផលិតផលទៅកាន់តែទីផ្សារក្រៅប្រទេស ហើយយកិច្ចការងារទាំងនេះអាចសម្រេចទៅបានដោយសារតែមានការចូលរួមចំណែកទុន ពីធនាគារARDBផងដែរ។ ឯកឧត្តម រំពឹងថា ធនាគារARDB នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីសម្រេចទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ដែលនឹងក្លាយជាផ្នែកមួយចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ធនាគារARDB ត្រូវ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ជាធនាគារឯកទេស ដោយធ្វើប្រតិបត្តិការចម្បងផ្តោតលើការផ្តល់ឥណទានដល់អតិថិនជន និង ឥណទានបោះដុំដល់គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុដើម្បីផ្តល់ ឥណទានបន្តជូនប្រជាកសិករ និង សហគមន៍កសិកម្ម ។ បន្ទាប់មកនៅឆ្នាំ២០១៩ ដោយទទួលបាន សេចក្តីទុកចិត្ត ពី រាជរដ្ឋាភិបាលធនាគារ ARDB បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីធ្វើ ប្រតិបត្តិការសេវា ធនា គារពេញលេញជូនអតិថិជន។ ក្នុងរយៈពេល២៥ឆ្នាំ នេះធនាគារ ARDB បានចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ និងការលើកទឹកចិត្តឱ្យកសិករ ផលិតកសិផលដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកកម្ពស់ការនាំចេញ។ ជាក់សែ្តង ធនាគារ ARDB បានអនុវត្ត កម្មវិធី ហិរញ្ញប្បទានពិសេសរបស់ រាជរដ្ឋាភិបាលក្នុងការផ្តល់ជាទុនបង្វិល និង ទុន វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឃ្លំាងស្តុក ឡ សម្ងួត ស្រូវ និង ការកែច្នៃ នៅតំបន់ ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និង តាកែវ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែកគាំទ្រដល់ ការនាំចេញ អង្ករបាន១លាន តោន ក្នុងមួយឆ្នាំ ស្រប តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនិងរក្សា ស្ថិរភាពថ្លៃស្រូវ៕ អត្ថបទ៖ សូដាវណ្ណ









