ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារស្ទឹងសែនខេត្តកំពង់ធំក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត” នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។
ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងអស់ដែលនៅតាមដងទន្លេឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។
ពិធីបុណ្យទន្លេ បានផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនីជាតិអន្តរជាតិផងដែរ។៕













