ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងពាក់ព័ន្ធផ្ដល់អាទិភាពលើការអភិវឌ្ឍនៅតាមតំបន់ទន្លេ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនពិសេសការសាងសង់ស្ពានតភ្ជាប់ទន្លេ និងផ្លូវដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេចតេជោអញ្ជើញជាអធិបតីបើក ពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ នៅខេត្តកំពង់ធំ។
សម្ដេចតេជោថ្លែងថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌។ ជាមួយគ្នានេះ ទន្លេបានផ្សារភ្ជាប់ប្រទេសនានាដែលហូបទឹក នៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។
សម្តេចតេជោ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងអនុវត្តគោលនយោនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប្រចាំជាពិសេស នៅតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីរក្សានូវសន្ដិសុខ ស្ថេរភាព សម្រាប់ទេសចរ ដោយយកការទទួលខុសត្រូវខ្ពស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធានាថាទីនោះគ្មានចោរលួច ប្លន់ និងភាពអសន្ដិសុខឡើយ។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រឹងលើការថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅតាមតំបន់ទន្លេស។ សម្ដេចគាំទ្រឱ្យមានការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំនៅតាមបណ្ដាខេត្តជាប់ទន្លេជារៀងរាល់ឆ្នាំ៕អត្ថបទ៖វ៉ន ដារ៉ា




