ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថាមនុស្ស ៦៩៨នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយថា អ្នកជំងឺកូវីដ-១៩ចំនួន ៩៩៤នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញយប់នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងថ្មី ៦៩៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញមានចំនួនរហូតដល់ ៥៥៨នាក់ ហើយបន្ទាប់មកខេត្តកណ្ដាលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ៧២នាក់ ខណៈដែលខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងថ្មី ៤៣នាក់ទៀត ហើយខេត្តព្រះសីហនុរកឃើញអ្នកឆ្លងថ្មី ១៦នាក់ទៀត។
ចំណែកឯខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រសួងសុខាភិបាលបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ២នាក់ទៀតក្នុងខេត្តនីមួយៗ ហើយខេត្តពោធិ៍សាត់ រកឃើញអ្នកឆ្លងថ្មី ២នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ១១ ៧៦១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះអ្នកឆ្លងមេរោគកូវីដ-១៩ដល់ទៅ ១១ ២១០នាក់ ឬស្មើនឹងជាង ៩៥ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ៤ ៦៩៨នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៩៩៤នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕អត្ថបទ ៖ សុធី





