ហ្សកហ្ស៊ី៖ គណបក្សកាន់អំណាចក្ដីស្រមៃរបស់ប្រជាជនហ្សកហ្ស៊ី (Georgian Dream party) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកច្បាប់ដ៏ចម្រូងចម្រាសស្ដីពីភ្នាក់ងារបរទេស។ សេចក្ដីប្រកាសនេះបានកើតមានឡើង បន្ទាប់ពីការតវ៉ាដ៏ហិង្សា ២យប់ជាប់គ្នា និងការរិះគន់ដែលថា ពង្រាងច្បាប់នេះតំណាងឲ្យការផ្លាស់ប្ដូរទៅរករបបផ្ដាច់ការក្នុងប្រទេសនេះ។

គណបក្ស Georgian Dream បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងដកពង្រាងច្បាប់នេះដោយគ្មានលក្ខខណ្ឌ ដែលយើងបានគាំទ្រដោយគ្មានការបម្រុងទុកណាមួយឡើយ។ ការដកចេញនេះគឺដើម្បីកាត់បន្ថយការប្រឈមដាក់គ្នានៅក្នុងសង្គម។ ច្បាប់ដែលត្រូវបានស្នើឡើងស្រដៀងទៅនឹងច្បាប់នៅក្នុងប្រទេសរុស្ស៊ីនេះ នឹងត្រូវចាត់ទុកអង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាននានាជាភ្នាក់ងារបរទេស ប្រសិនបើពួកគេទទួលបានជំនួយ ២០% ឬមូលនិធិច្រើនជាងនេះពីបរទេស។ សំណើនេះត្រូវបានដាក់គោលដៅជាផ្លូវការលើការបិទលំហូរសាច់ប្រាក់ពីបរទេស ប៉ុន្តែក្រុមអ្នកតវ៉ាបារម្ភថា ច្បាប់នេះនឹងត្រូវបានប្រើដើម្បីវាយប្រហារក្រុមអ្នករិះគន់ និងបង្ក្រាបលើក្រុមប្រឆាំង។
ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សចំនួន ៧៧នាក់ត្រូវបានឃុំខ្លួន ក្រោយការតវ៉ាដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ នៅពេលដែលក្រុមតំណាងរាស្ត្របានអនុម័តអំណានដំបូងនៃច្បាប់នោះ។ គណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសហ្សកហ្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដកចេញច្បាប់ដ៏ចម្រូងចម្រាសនេះ។ ប៉ុន្តែការតវ៉ានៅតែបន្ត ទោះបីមានការប្រកាសដកច្បាប់នេះក៏ដោយ ព្រោះពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកតវ៉ាទាំងអស់ដែលត្រូវបានចាប់ខ្លួន៕ អត្ថបទ៖ សុខមាន
