ស៊ីហ្គេម៖ ខណៈដែលការប្រកួតកីឡាស៊ីហ្គេមកាន់តែខិតជិតចូលមកដល់ គណៈកម្មការជំនាញនីមួយៗកាន់តែមមាញឹកបន្ថែមទៀត ដើម្បីប្រាកដថាអ្វីៗត្រៀមបានល្អសម្រាប់ការប្រកួត ពិសេសពិធីបើក-បិទនៃព្រឹត្តិការណ៍ដ៏ធំពីរឆ្នាំម្តងរបស់តំបន់អាស៊ីអាគ្នេយ៍។
ជាក់ស្តែងផ្នែកមួយនៃការត្រៀមសម្រាប់ពិធីបើក តារាសម្តែងទាំងជើងចាស់ និងជំនាន់ថ្មីបានជួបជុំហាត់សមនៅពហុកីឡដ្ឋានជាតិមរតកតេជោជាមួយភាពរីករាយ មោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងចំណែកដ៏សំខាន់នៃព្រឹត្តិការណ៍នេះ។ តារាភាពយន្តជើងចាស់ទទួលការគាំទ្រគ្រប់ជំនាន់ ទេព រិនដារ៉ូ បានបញ្ជាក់ថា លោកពិតជាមានមោទនភាពមែនទែនដែលបានចូលរួមកម្មវីធីនេះ ដែលធ្លាប់តែលឺ និងស្រម៉ៃ តែឥឡូវនេះជាការពិតដែលកើតឡើងនៅកម្ពុជា។
ចំណែកតារាជំនាន់ថ្មី អ៊ុន សុធា បានលើកឡើងដែរថា ជារួមខ្លួនបានត្រៀមជាស្រេចតាំងពីពេលដែលគណៈកម្មការជំនាញនៃ CAMSOC បានជ្រើសរើសលោកចូលរួមកម្មវិធីនេះ។ លោកបន្តថា នេះជាមុខមាត់របស់កម្ពុជាទៅកាន់ពិភពលោក។ រីឯនាដការីរបាំបុរាណ សុខគា គឹមលាង និងចាន់ ស្រីលក្ខណ៍ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីហាត់សម និងមោទនភាពក្រៃដែលបានចូលរួមកម្មវិធីនេះ។ គិតត្រឹមពេលនេះស៊ីហ្គេម ២០២៣ នៅសល់ពេលមិនដល់ពីរខែទៀតទេនឹងចូលមកដល់ ហើយអត្តពលិក ប្រតិភូ គ្រូបង្វឹក និងអ្នកគាំទ្រកីឡាក្នុងតំបន់អាស៊ានរាប់ម៉ឺននាក់ និងចូលមកព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាកម្ពុជាជាស្ថាបនិកកីឡាអាស៊ីអាគ្នេយ៍ តែនេះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងរយៈពេល ៦៤ឆ្នាំ៕