កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានពិនិត្យមើលសមយុទ្ធគ្រាប់ពិតដោយផ្ទាល់ ជាទីដែលយោធារបស់លោកបានបាញ់មីស៊ីល ដែលគេសង្ស័យថាជាមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ក្រោយប្អូនស្រីរបស់លោកគំរាមអាមេរិកពីផលវិបាកធ្ងន់ធ្ងរ បើនៅតែដំណើរការសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃសុក្រនេះថា ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ដែលហៅថា ជាសមយុទ្ធវាយប្រហារនេះគឺក្នុងគោលបំណងទប់ទល់ការវាយប្រហារ និងវាយបករាល់ការវាយប្រហារណាមួយមកលើប្រទេសរបស់ខ្លួន។ លោក Kim និយាយថា សមយុទ្ធទាំងនេះគឺជាការរម្លឹកថា ទាហានរបស់លោកត្រូវតែត្រៀមលក្ខណៈជានិច្ច ក្នុងករណីមានការផ្ទុះសង្គ្រាមដ៏ពិតប្រាកដភ្លាមៗពីសត្រូវ។ យោធាកូរ៉េខាងត្បូងអះអាងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ១គ្រាប់ចូលទៅដែនទឹកភាគខាងលិចរបស់ខ្លួន ស្របពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នាធំបំផុតក្នុងពេលប៉ុន្មានឆ្នាំមកនេះ។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានអះអាងថា មីស៊ីលនោះបានហោះចេញពីតំបន់មួយក្បែរទីក្រុងឆ្នេរសមុទ្រ Nampo និងមិនទាន់មានការវាយតម្លៃភ្លាមៗនៅឡើយទេថា តើមីស៊ីលនោះហោះបានឆ្ងាយប៉ុណ្ណា ឬជាក់លាក់យ៉ាងណាជាទីដែលគ្រាប់នោះបានធ្លាក់៕
អត្ថបទ៖ សុខមាន