ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ០៦នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុប កើនឡើងដល់ ៨៨នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅយប់នេះ ក្រសួងសុខាភិបាលនិយាយថា ពលរដ្ឋខ្មែរទាំង ០៦នាក់នោះ មានស្ត្រី ២នាក់ និងបុរស ០៤នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសម្នាក់អាយុ ៣៧ឆ្នាំ ដែលរស់នៅសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់កាលពីព្រឹកថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៣ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល បន្ទាប់ពីរកឃើញឆ្លងកូវីដ-១៩។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសម្នាក់អាយុ ៣៧ឆ្នាំ ដែលរស់នៅសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់កាលពីព្រឹកថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៣ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល បន្ទាប់ពីរកឃើញឆ្លងកូវីដ-១៩។
ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៦៨ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់កាលពីថ្ងៃម្សិលមិញនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ តែ ២០នាទីប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយសភាពធ្ងន់ធ្ងរ ហើយលទ្ធផលនៃការពិនិត្យសំណាកបង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩។
ក្រសួងឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ ៦១ឆ្នាំដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅឯមន្ទីរពេទ្យហ្លួងម៉ែកាលពីល្ងាចថ្ងៃម្សិលមិញនេះ ៥ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលបាននិយាយទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៥១ឆ្នាំដែលរស់នៅក្នុងសង្កាត់ផ្សារដេប៉ូ២ ក្នុងខណ្ឌទួលគោក បានស្លាប់តាំងពីថ្ងៃទី២៣ ខែមេសា តែ ៣ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩សែនសុខ១កាលពីថ្ងៃទី២០ ខែមេសា។
ចំណែកឯបុរសអាយុ ៨០ឆ្នាំដែលរស់នៅក្នុងសង្កាត់ផ្សារថ្មី៣ ក្នុងខណ្ឌដូនពេញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់ថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែ ៣០នាទីប៉ុណ្ណោះក្រោយពីត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយលទ្ធផលពិនិត្យសំណាករបស់គាត់បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩។
នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខាភិបាលប្រកាសថា បុរសម្នាក់អាយុ ៩៣ឆ្នាំ ដែលជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ៤ បានស្លាប់នៅព្រឹកថ្ងៃនេះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៣ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល ក្រោយរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ០៥រូបនេះ បានស្លាប់បាត់បង់ជីវិត ក្រោយពីរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានប្រកាសជាផ្លូវការថា មនុស្សដល់ទៅ ៨៨នាក់ហើយ បានស្លាប់ដោយសារមេរោគកូវីដ-១៩នៅក្នុងរយៈពេល ៤៧ថ្ងៃចុងក្រោយនេះ៕ អត្ថបទ ៖ សុធី