ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវថ្លែងថា «ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ»។
ការថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសចុះដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ដន្ទាទោស លោក កឹម សុខា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវមានការចាំបាច់ ផ្តល់ការបំភ្លឺ អង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីនេះ គឺទី១ ការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តីសិទ្ធិ និងសេរីភាពទាំងទ្បាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលបានប្រព្រឹត្តមិនអាចត្រូវបានប្រើជាទឡ្ហីករណ៍សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦ លើក។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា





