បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជានឹងបន្ដជួបក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំម៉ាឡេស៊ីនាវេលាម៉ោង ៤ល្ងាចថ្ងៃទី១០ ខែមីនានេះនៃវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (AFC U20 Woman's Asian Cup 2024) នៅប្រទេសអ៊ុយបេគីស្ថាន ពូល G នៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន។
នេះគឺជាជំនួបចុងក្រោយរបស់កម្ពុជា បន្ទាប់ពីប្រកួតដំបូងបានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវមីយ៉ាន់ម៉ាដោយលទ្ធផល ២-០ កាលពីថ្ងៃពុធកន្លងទៅ។ ដូច្នេះជំនួបជាមួយម៉ាឡេស៊ីល្ងាចនេះគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា ដែលទាមទារឈ្នះដាច់ខាតដើម្បីមានឱកាសអ៊ុតកៅអីវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ កម្ពុជានឹងអស់ឱកាសតែម្ដង។
គួរដឹងថា ក្នុងពូល G នៃវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះមានបេក្ខភាពប្រកួតប្រជែង ៣ក្រុមប៉ុណ្ណោះ រួមមានកម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ បន្ទាប់ពីធ្វើការប្រកួត ១ជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានកៅអីវគ្គជម្រុះជុំទី២ ខណៈបច្ចុប្បន្នគឺក្រុមជម្រើសជាតិនារី U20 មីយ៉ាន់ម៉ាកំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុបណ្ដោះអាសន្ន៕
អត្ថបទ៖ លី ឈុនឡា