ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានស្នើរដល់មន្រ្តីនគរបាលដែលជាស្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថិភាពរបស់ខ្លួន ឲ្យបានប្រសើរបន្ថែមទៀត។
ថ្លែងបែបនេះខណៈដែលលោកឧត្តមសេនីយ៍ទោ ហួត សុធី បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងសម័យឌីជីថល” ។
លោកស្នងការ បានលើកឡើងបន្ថែមថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ បានចាត់ទុកស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្នងការ បន្តថា ទិវាអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាកម្លាំងចលករជម្រុញឱ្យស្ត្រីត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាម អំណត់អត់ធន ចូលរួមក្នុងគ្រប់កិច្ចការងារ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខ សុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ និងសង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា ''ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងសង្គមជាតិ'' ៕







