កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះរាជាធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំង ព្រះវិមលញាណ ឆន ឆុង ជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រួមនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តផងដែរ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការរីកចម្រើនរបស់ពុទ្ធចក្រ និងអាណាចក្រត្រូវតែដើរទន្ទឹមគ្នា វានឹងផ្តល់ឱ្យគ្នាទៅវិញទៅមក ជាក់ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំសីលធម៌សង្គម និងការកសាងសមិទ្ធផលផ្សេងៗ ជូនសង្គមជាតិទាំងមូល ។ ការពង្រឹងតួនាទីភារកិច្ច វិន័យរបស់ព្រះសង្ឃ និងវត្តអារាម ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងធំធេងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើង ហើយក៏បានផ្តល់ការថែរក្សានូវតម្លៃរបស់ព្រះពុទ្ធសាសនា។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះរាជបន្ទូលថា ក្រសួងធម្មការ និងសាសនា បានខិតខំយកចិត្តទុកដាក់ពង្រឹងនូវគុណភាពអប់រំ និងវិន័យ ដល់ព្រះសង្ឃគ្រប់មូលដ្ឋាន ក្នុងការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ។ ជាពិសេសលើកកម្ពស់ដល់ការជឿទុកចិត្តរបស់ប្រជាពុទ្ធសាសនិក ដែលបានលះបង់ចិត្ត សទ្ធាជ្រះថ្លាមកលើព្រះសង្ឃ ដែលជាបុគ្គលអាចដឹកនាំពួកគេឱ្យទទួលបាននូវបុណ្យកុសល និងការអប់រំផ្លូវកាយ និងផ្លូវចិត្ត ឱ្យឆ្ពោះទៅរកភាពស្ងប់ស្ងាត់ ភាពអត់ឱន និងអធ្យាស្រ័យដល់អ្នកដទៃ ។
សម្តេចព្រះអគ្គមហាសង្ឃរាជបានពន្យល់ថា ក្នុងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវមានព្រហ្មវិហារធម៌ទំាងបួនយ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ព្រមទាំងមានការឯកភាពផ្ទៃក្នុង លះបង់អំពើអបាយមុខ ហើយត្រូវចងចាំថា ការបែកបាក់សាមគ្គី គឺស្លាប់ និងត្រូវខិតខំបំពេញនូវតួនាទីភារកិច្ចជាមួយពុទ្ធបរិស័ទ ដើម្បីដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យរីក ចម្រើនតទៅមុខទៀត ៕ អត្ថបទ៖ ហុង វាស្នា











