បាល់ទាត់៖ សម្ព័ន្ធកីឡាករបាល់ទាត់ពិភពលោក FIFPRO បាននិយាយថា ការប្រកួតបាល់ទាត់ពិភពលោកមិនគួរត្រូវបានរៀបចំឡើងអំឡុងខែវិច្ឆិកាដល់ខែធ្នូទៀតទេ ស្របពេលការចូលនិវត្តន៍របស់ខ្សែការពារបារាំង Raphael Varane គួរជាករណីដែលគួរស្វែងយល់។

FIFPRO បានចេញផ្សាយពីការរំលឹកបាល់ទាត់ពិភពលោកឆ្នាំ២០២២ ជាមួយនឹងការស្ទង់មតិលើកីឡាករ ហើយបង្ហាញថា កីឡាករមានការភ័យខ្លាចមិនថាផ្លូវចិត្ត និងរាងកាយជុំវិញហានិភ័យដែលអាចបង្ករបួស។ Rafael Varane បានជួយបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup បន្ទាប់មកបានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈពីការសំរេចចិត្តបញ្ចប់អាជីពពីក្រុមជម្រើសជាតិតាមរយៈកាលវិភាគប្រកួតដ៏មមាញឹក។ Varane មានពេលត្រឹមតែ ៨ថ្ងៃប៉ុណ្ណោះរវាងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ និងត្រលប់មកការប្រកួតនៅក្លិបអាជីព Manchester United។ កីឡាករបាល់ទាត់ពិភពលោកចំនួន ៦៤នាក់ត្រូវបានស្ទង់មតិ ហើយកង្វះនៃការរៀបចំ និងពេលវេលានៃការស្តារកំលាំងឡើងវិញ ហានិភ័យសុខភាពសុទ្ធតែត្រូវបានសង្កត់ធ្ងន់ មិនចង់ឱ្យមានការប្រកួតអំឡុងពេលវេលាបែបនេះកើតឡើងទៀត។ មានកីឡាករត្រឹម ១១ភាគរយប៉ុណ្ណោះដែលត្រូវបានស្ទង់មតិពេញចិត្ត នឹងពេលវេលាប្រកួតបាល់ទាត់ពិភពលោកខែវិច្ឆិកា/ធ្នូ។ ក្នុងចំណោមនោះដែរ ៨៦ភាគរយនៃកីឡាករចង់បានយ៉ាងហោចណាស់ ១៤ថ្ងៃនៃពេលវេលារៀបចំ, ៦១ភាគរយចង់បាន ១៤ ទៅ ២៨ ពេលវេលាសម្រាកក្រោយចប់ World Cup។ ការសិក្សាបានបង្ហាញដែរថា កីឡាករដែលមកពី Premier League លេងនៅ World Cup បានច្រើននាទីជាងគេគឺកីឡាករមកពី Manchester City ខណៈ Barcelona មានកីឡាករបានលេង World Cup ច្រើនជាងគេសរុប ១៧នាក់៕
អត្ថបទ៖នាង សុភាវុធ