បាល់ទាត់៖ ខ្សែប្រយុទ្ធ Tottenham Hotspurs, Richarlison បានធ្វើការរិះគន់អ្នកចាត់ការខ្លួនឯងលោក Antonio Conte ក្រោយ Spurs ធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។
កីឡាករវ័យ ២៥ឆ្នាំរូបនេះមិនសប្បាយចិត្ត ចំពោះការសម្រេចចិត្តរបស់អ្នកចាត់ការអ៊ីតាលីរូបនេះ ដែលដាក់ឱ្យរូបគេនៅអង្គុយកៅអីបម្រុងនៅពេល Spurs ស្មើគ្នា ០-០ ទល់នឹងក្រុមភ្ញៀវ AC Milan តែធ្លាក់ក្រោយចាញ់កាលពីជើងទីមួយ ១-០។ Richarlison ដែលមកកាន់ Spurs ជាមួយនឹងតម្លៃផ្ទេរ ៦០លានផោននោះពុំសូវមានឱកាសលេងបាល់ពេញលេងឡើយ ក្រោមការដឹកនាំរបស់លោក Antonio Conte និងបានចូលលេងត្រឹម ២០នាទីចុងក្រោយប៉ុណ្ណោះពេលស្មើ AC Milan នោះ។
Richarlison បាននិយាយប្រាប់សារព័ត៌មាន TNT Sports ប្រេស៊ីលថា គេមិនយល់ថាមានរឿងអ្វីកើតឡើងសម្រាប់គេ ទោះបីមានទំរង់លេងបែបនេះក៏នៅតែមិនស្ថិតក្នុងជម្រើសដំបូង ហើយក៏មិនសប្បាយចិត្តនឹងយុទ្ធសាស្ត្រដឹកនាំរបស់លោក Conte ផងដែរ។ អតីតខ្សែប្រយុទ្ធ Everton ដែលស៊ុតបាន ៣គ្រាប់ឱ្យប្រេស៊ីលនៅ World Cup នោះរកបានត្រឹម ២គ្រាប់ប៉ុណ្ណោះឱ្យ Spurs រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ