ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០ លានដុល្លារអាមេរិក ថយចុះប្រមាណជាង ២១ ភាគរយ បើធៀបទៅរយៈពេលដូចគ្នា និងឆ្នាំ២០២២ ។
របាយកាណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា បានបង្ហាញការនាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៣នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥ លានដុល្លារអាមេរិក ថយចុះ៨ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។
ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ២ នេះ រួមមាន៖ ការនំាចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៥៧ លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, ធញ្ញជាតិ ជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម ជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១០៦ លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ, កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤ លានដុល្លារ កើនឡើង ៦៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ។
ចំណែកការនាំចេញផលិតផលសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញមានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ, ស្បែកជើង ស្រោមជើង និងផលិតផលប្រហាក់ប្រហែល ជាង ២០០ លានដុល្លារ ថយចុះជាង ២៧ ភាគរយ ក្រៅពីការនាំចេញខាងលើនេះ កម្ពុជាបាននាំចេញផលិតផលផ្សេងៗជាច្រើនទៀត។
ចំណែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ, នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ នេះកម្ពុជាបាននាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ លានដុល្លារ ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ កើនជិត ២ ភាគរយ, ថៃ ជាង ២០៤ លានដុល្លារ កើន ១៣ ភាគរយផងដែរ ក្រៅពីនេះកម្ពុជាបាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី



