
អន្ដរជាតិ៖ ពីឡុតណូវែលសេឡង់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមឧទ្ទាមនៅតំបន់ប៉ាពួ ប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន បង្ហាញខ្លួននៅថ្ងៃសុក្រនេះ ក្នុងវីដេអូបញ្ចេញដោយក្រុមផ្តាច់ខ្លួន ដែលទាមទារឲ្យអង្គការសហប្រជាជាតិ(UN) សម្របសម្រួលជម្លោះនៅតំបន់សម្បូរធនធានរបស់ពួកគេ។
លោក Phillip Mehrtens ដែលបម្រើការឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Susi Air ត្រូវបានចាប់ជម្រិតដោយក្រុមចលនាប្រដាប់អាវុធរំដោះប៉ាពួ(OPM) កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រោយលោកចុះចតនៅស្រុកដាច់ស្រយាល Nduga។ លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាម OPM និយាយថា ពួកគេបានថតវីដេអូនេះកាលពីថ្ងៃទី៦ ខែមីនា ហើយលោក Mehrtens និយាយថា លោកត្រូវបានគេណែនាំឲ្យអានសេចក្តីថ្លែងការណ៍ទាមទារថ្មីរបស់ក្រុមឧទ្ទាម៕