ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូស័ក្តិ ក្នុងអំឡុងពេលសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ បានដឹកនាំកិច្ចប្រជុំតុមូលជាន់ខ្ពស់ ស្ដីពីការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកល ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលប្រព្រឹត្តទៅនៅទីក្រុងដូហា ប្រទេសកាតា។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ដឹកនាំដោយសហប្រធានពីររូប គឺឯកឧត្តមរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ Fitsum Assefa រដ្ឋមន្ដ្រីក្រសួងផែនការនិងអភិវឌ្ឍន៍នៃប្រទេស Ethiopia ព្រមទាំងមានការចូលរួមជាវាគ្មិនពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។
នៅក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងស្វាគមន៍វាគ្មិន និងរដ្ឋសមាជិកដែលបានចូលរួមកិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ព្រមទាំងបានកត់សម្គាល់អំពីការពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបនឹងវិបត្តិ ដែលប្រទេសអភិវឌ្ឍន៍តិចតួច និងពិភពលោកកំពុងជួបប្រទះ។ ជាកិច្ចបន្ទាប់ ឯកឧត្តម និងលោកជំទាវសហប្រធាន បានប្រគល់វេទិកាជូនវាគ្មិន ដើម្បីលើកជាមតិយោបល់ និងពិភាក្សាពាក់ព័ន្ធនឹងការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច។
វាគ្មិនបានពិភាក្សាយ៉ាងផុសផុល ដោយផ្ដោតលើបញ្ហាប្រឈមមួយចំនួនរបស់ប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពក្នុងការទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅដោយមានភាពជោគជ័យ និងទទួលបាននូវធាតុចូលសំខាន់ៗសម្រាប់ប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច និងដៃគូអភិវឌ្ឍន៍ក្នុងការជួយគាំទ្រលើការចល័ត និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
នៅកិច្ចបញ្ចប់ លោកជំទាវសហប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់វាគ្មិន និងរដ្ឋសមាជិកផងដែរ៕ អត្ថបទ ៖ ឈិត បូរ៉ាវី




