ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បណ្តុះបណ្តាលដល់យុវជន ដើម្បីពង្រីកសមត្ថភាព, បំពាក់បំប៉នការយល់ដឹងផ្នែកច្បាប់ និងនីតិវិធីបោះឆ្នោត, ពង្រឹងស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់មន្ត្រីបក្ស, ជាពិសេសយុវជនបក្ស, ក្នុងក្របខណ្ឌនៃយុទ្ធនាការត្រៀមលក្ខណៈឱ្យបានពេញលេញ សំដៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតសកលថ្នាក់ជាតិនាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា លើកឡើងនៅក្នុងពិធីបើក «កម្មវិធីបណ្តុះបណ្តាល ស្តីពីយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ (គ៨៥) ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះថា ការពង្រឹងសមត្ថភាព និងការពង្រីកចំណេះដឹង គឺជាកិច្ចការដែលគប្បីត្រូវធ្វើឡើងជាបន្តបន្ទាប់ ស្របតាមពាក្យស្លោក «រៀនឥតឈប់» ឬ «រៀនពេញមួយជីវិត» ។ គោលការណ៍នេះគួរត្រូវបានប្រកាន់ខ្ជាប់, ទាំងក្នុងក្របខណ្ឌគណបក្ស និងក្នុងក្របខណ្ឌរដ្ឋ, ដែលមានន័យថា យើងទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ ឬលង់លក់នឹងសមិទ្ធផល ក៏ដូចជាជ័យជម្នះរបស់យើងឡើយ ។ ក្នុងន័យនេះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដាស់តឿនគ្រប់គ្នាថា គណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ដើម្បីឱ្យសក្ដិសមទៅនឹងការផ្ដល់សេចក្ដីទុកចិត្តដ៏ធំធេង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត ។ បើក្រឡេកមើលទៅក្រោយ ក្នុងរយៈពេល ៥ ឆ្នាំ នៃអាណត្តិទី ៦, គណបក្សពិតជាបានសម្រេចនូវសមិទ្ធផលជាច្រើនជូនប្រជាជន និងប្រទេសជាតិ ។
ជុំវិញបញ្ហានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានចែករំលែកជាទស្សនាទាន ដល់យុវជនគណបក្ស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការបំពេញការងារ, ទាំងក្នុងការងារគណបក្ស និងការងាររដ្ឋ, ជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា នាពេលដ៏ខ្លីខាងមុខរួមមាន៖ ត្រូវរួមគ្នាថែរក្សា និងការពារនូវ «សុខសន្ដិភាព, ស្ថិរភាពសង្គម និងស្ថិរភាព នយោបាយ» ដែលជាបុព្វហេតុ និងជាគុណតម្លៃខ្ពស់បំផុតរបស់ប្រទេសជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះសុខសន្ដិភាព និងស្ថិរភាពដែលយើងរកមកវិញបានដោយលំបាក គឺជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខណៈមិនអាចខ្វះបាន ដើម្បីធានានូវកិច្ចដំណើរការ ជាប្រក្រតីនៃជីវភាពរស់នៅ, ការអភិវឌ្ឍ និងភាពជឿនលឿនរបស់សង្គមកម្ពុជា។ ត្រូវតម្កល់ និងលើកកម្ពស់មនសិការស្នេហាជាតិ ក្នុងសា្មរតីថែរក្សា និងការពារឧត្តមប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ប្រជាជន ។ ឧត្តមប្រយោជន៍រួមទាំងនេះ ត្រូវតែមានតម្លៃខ្ពស់ជាងផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍ក្រុមខ្លួន, ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារគណបក្ស និងទាំងក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងភារកិច្ចនៅក្នុងស្ថាប័នរដ្ឋ ។ ត្រូវពង្រឹង និងពង្រីកគ្រប់វេលា, គ្រប់ទីកន្លែង, ក្នុងគ្រប់យន្តការ នូវស្មារតីសាមគ្គីភាព,ជាធ្លុងមួយ ក្នុងន័យនេះ, យុវជនម្នាក់ៗត្រូវតែហ៊ានបញ្ចេញមតិការពារបុព្វហេតុ, មាគ៌ា, និងគោលនយោបាយរបស់គណបក្ស ក្នុងស្មារតីសមូហភាព ។
ត្រូវផ្តល់អាទិភាពខ្ពស់ ដល់ការពង្រឹងសមត្ថភាព និងចំណេះដឹង, ដើម្បីប្រសិទ្ធភាពការងារ ។ លើមូលដ្ឋាននេះ, យុវជនម្នាក់ៗគប្បីត្រូវប្រកាន់ខ្ជាប់នូវមនសិការខ្ពស់៖ «កសាង និងដឹកនាំខ្លួនជាប្រយោជន៍ដល់ស្ថាប័ន; ដឹកនាំស្ថាប័ន ជាប្រយោជន៍ដល់សង្គមជាតិ» ។ ត្រូវពង្រឹង, និងផ្សព្វផ្សាយនូវ «គុណធម៌, សីលធម៌, វិន័យ និងសេចក្ដីថ្លៃថ្នូរ» របស់មន្ត្រីគណបក្ស, ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី, ឱ្យស័ក្ដិសមជាសមាជិក និងជាអ្នកបន្តវេនរបស់ជាតិ ។ ត្រូវបែរមុខឆ្ពោះទៅកាន់សហគមន៍នៅមូលដ្ឋាន, ទាំងលើការងារគណបក្ស, ការងារអភិវឌ្ឍ និងគ្រប់វិស័យរួមបញ្ចូលនូវ៖ ការងារយុវជន, ការពង្រឹងវិស័យអប់រំ, សុខាភិបាល ការងារអនាម័យ និងបរិស្ថានបៃតងជាដើម និងត្រូវផ្ដោតលើសមិទ្ធកម្ម, ពង្រឹងការទទួលខុសត្រូវ, ធ្វើការងារជាប្រព័ន្ធ និងពង្រីកយន្តការត្រួតពិនិត្យ, តាមដាន និងវាយតម្លៃ ដែលប្រការនេះនឹងធានាបាននូវការវាយតម្លៃនូវចំណុចខ្លាំង, ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីសម្រេចគោលនយោបាយរបស់គណបក្ស៕ អត្ថបទ៖ សុន រ៉ាឌី







