កំពង់ចាម៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីអបអរសាទរទិវារនារីអន្តរជាតិ ៨ មីនា លើកទី១១២ ក្រោមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យថ្មីឌីជីថល ដែលមានបងប្អូនជាស្រ្តីនិងថ្នាក់ដឹកនាំនៅមូលដ្ឋានចូលរួមប្រមាណ ៧២២ នាក់។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាស្រ្តីទាំងអស់នៅទូទាំងស្រុកកំពង់សៀម និងជូនពរដល់បងប្អូនជាស្រ្តីឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្រ្តីខ្មែរ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង និងបានបំពេញតួនាទីនិងភារកិច្ចជាស្រ្តីបានយ៉ាងល្អប្រពៃដើម្បីសង្គមនិងគ្រួសារខ្មែរ ដែលស្រ្តីខ្មែរស្ទើរគ្រប់រូបបានធ្វើជា៖ កូនស្រីល្អ, ភរិយាល្អ, ម្តាយល្អ, និងជាជីដូនដ៏ល្អប្រពៃ ហើយនិងបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម និងការថែរក្សាសុវត្ថិភាពសង្គមគ្រួសារ និងសង្គមកម្ពុជាទាំងមូល ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានគាំទ្រយ៉ាងពេញលេញ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ចំពោះការងារអាទិភាពចំនួន៨ចំណុច ដែលសម្តេចបានគូសរំលេច នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨មីនា លើកទី១១២ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានអំពាវនាវឲ្យគ្រប់ក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជន ទាំងអស់បន្តយកចិត្តទុកដាក់ និងជំរុញ ដែលចាត់ទុកជាគោលនយោបាយកម្មវិធីជាតិ រួមជាមួយនឹងទាំងកម្មវិធីកែទម្រង់នានាក្របខណ្ឌជាតិគាំពារសង្គម ៕











