ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថា ទីតាំងផ្សារស៊ីធីម៉លជាន់ទី២ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែងពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។

សូមជម្រាបជូនថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងផ្សារទំនើបស៊ីធីម៉លជាន់ទី២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ។ នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ


