អ៊ីស្រាអ៊ែល៖ ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បានចូលរួមក្នុងអ្វីដែលអ្នកមួយចំនួនហៅថា ការតវ៉ាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ការតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការបានដំណើរការអស់រយៈពេល ១០សប្តាហ៍មកហើយ។

ចំនួនបាតុករបានធ្លាក់ចុះក្នុងទីក្រុងនានាដូចជាទីក្រុង Haifa ខណៈដែលមានមនុស្សប្រមាណ ២០០.០០០នាក់ត្រូវគេជឿថាបានដើរតាមដងផ្លូវក្នុងទីក្រុង Tel Aviv។ ក្រុមអ្នករិះគន់និយាយថា កំណែទម្រង់នេះនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Benjamin Netanyahu និយាយថា ការផ្លាស់ប្តូរដែលបានគ្រោងទុកគឺប្រសើរជាងសម្រាប់ម្ចាស់ឆ្នោត។ ក្រុមអ្នករៀបចំបាននិយាយថា បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៥០០,០០០នាក់បានដើរតាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ជាអ្វីដែលកាសែតអ៊ីស្រាអែល Haaretz ហៅថា ជាបាតុកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

មេដឹកនាំប្រឆាំងលោក Yair Lapid បានប្រាប់ហ្វូងមនុស្សនៅក្នុងទីក្រុង Be'er Sheva ភាគខាងត្បូងថា ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបាននិយាយថា រលកនៃអំពើភេរវកម្មកំពុងវាយលុកយើង សេដ្ឋកិច្ចរបស់យើងកំពុងគាំង លុយកំពុងរត់គេចពីប្រទេស។ អ៊ីរ៉ង់ទើបតែបានចុះហត្ថលេខាកាលពីម្សិលមិញ នូវកិច្ចព្រមព្រៀងថ្មីមួយជាមួយអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែរឿងតែមួយគត់ដែលរដ្ឋាភិបាលនេះយកចិត្តទុកដាក់ គឺបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខមាន