ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍បានប្ដេជ្ញា និងជំរុញការងារមនុស្សធម៌របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះដែលជួបលំបាក និងការខ្វះខាតផ្សេងៗ ស្របពេលសមាគមបានពង្រីកសមាជិករហូតដល់ជិត ៥ពាន់នាក់ត្រឹមរយៈពេល ៣ឆ្នាំកន្លះ។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាជិក សមាជិក សមាគមរាជសីហ៍សាខាធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានព្រះសង្ឃ ថ្នាក់ដឹកនាំ ប្រធានសាខា និងសមាជិក-សមាជិកាជាច្រើនរយនាក់ចូលរួម។ ឯកឧត្តម ស៊ូម សារឿន បន្ដថា ដោយមានស្មារតីសាមគ្គីផ្ទៃក្នុងល្អ និងការគោរពប្រតិបត្តិនូវលក្ខន្តិកៈ ក៏ដូចជាគោរពអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ បានជំរុញឲ្យសមាគមរាជសីហ៍ទទួលបានសេចក្ដីទុកចិត្ត និងការគាំទ្រជាបន្ដបន្ទាប់ ទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ដែលជំរុញឲ្យសមាគមបំពេញការងារមនុស្សធម៌យ៉ាងរលូន។
ជាក់ស្ដែងការកកើតសមាគមជាង ៣ឆ្នាំមកនេះ សមាគមបានពង្រីកសាខាចំនួន ២៤រាជធានី-ខេត្ត និងមានសាខាក្រៅប្រទេសចំនួន ៥ទៀតរួមមានថៃ វៀតណាម កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។ រីឯសកម្មភាពមនុស្សធម៌វិញ គិតត្រឹមឆ្នាំ២០២២ សមាគម និងសាខាទាំងអស់បានរួមគ្នាធ្វើការងារសកម្មមនុស្សធម៌សរុបចំនួន ៤៨៨លើក ដោយចំណាយថវិកាអស់ប្រមាណ ១លាន និង ៦២ម៉ឺនដុល្លារឯណោះ។
លោក សរ សំណាង ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញថ្មី ក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីចូលរួមជាមួយបេសកកម្មរបស់សមាគមផងដែរ ពិសេសក្នុងនាមប្រជាពលរដ្ឋ និងជាប្រធានសាខាមួយរូប លោកបានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍ ក្រោមម្លប់សន្ដិភាពបន្ថែមទៀត៕ អត្ថបទ លី ឈុនឡា