ភ្នំពេញ៖ សមាជិកថ្មីជិត ៣០០០នាក់របស់គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខណ្ឌដូនពេញត្រូវបានប្រកាសបញ្ចូលនាថ្ងៃនេះ។

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្ដែង ខណៈប្រទេសកម្ពុជាកំពុងប្រឈមជាមួយជំងឺ covid -19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើឲ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក។ បន្ថែមពីនេះ សម្តេចតេជោក៏បានសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដ៏ធំមួយ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពទទួលអ្នកជំងឺបានជាង ១ម៉ឺនគ្រែថែមទៀត។
នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានខណ្ឌដូនពេញចំនួន ២៧៦៩រូបនៅវិមាន ៧មករានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម ឃួង ស្រេង បាន អរគុណចំពោះការសម្រេចចិត្តរបស់សមាជិកថ្មី ដែលការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែសមាជិកថ្មីបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។ ដូច្នេះសមាជិកថ្មីត្រូវរួមគ្នាការពារសន្តិភាពឲ្យបានគង់វង់។ មានសន្តិភាពទើបមានឱកាសអភិវឌ្ឍប្រទេសឲ្យរីកចំរើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបានមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣នេះ ដើម្បីឲ្យគណបក្សប្រជាជនមានឱកាសកសាង អភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានឲ្យសមាជិកទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អ របស់គណបក្សប្រជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិ និងណែនាំពលរដ្ឋដែលដើរលើផ្លូវខុស មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញបានឲ្យដឹងថា សមាជិក សមាជិកា គណបក្សដែលចូលមកជាសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញថ្មីនេះមានចំនួន ២៧៦៩រូបមកពី ១១សង្កាត់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





