កំពង់ចាម៖ បន្ទាប់ពីមើលឃើញគោលនយោបាយដឹកនាំប្រទេសច្បាស់លាស់ ក្នុងកិច្ចការបម្រើជាតិ និងប្រជាជននោះ ប្រជាពលរដ្ឋដែលភាគច្រើនជាយុវជន យុវនារីប្រមាណ ១១០១នាក់បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈការរៀបចំប្រកាសបញ្ចូលពួកគាត់ជាសមាជិកគណបក្សនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ។
ថ្លែងនៅក្នុងពិធីប្រកាសសមាជិកថ្មីនោះ ឯកឧត្តម ម៉ា ឈឿន បានលើកឡើងថា ក្នុងនាមយើងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាត្រូវមានបេះដូងស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ ស្មោះត្រង់ចំពោះប្រជាជន និងធ្វើយ៉ាងណាខិតខំរៀនសូត្រជួយសង្គម ធ្វើឲ្យខ្លួនក្លាយជាបញ្ញាជន ជាបញ្ញវន្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខ និងពិសេសផ្សព្វផ្សាយដល់យុវជនយុវតីទាំងអស់ដែលជាមិត្តភក្តិរបស់ខ្លួន និងបងប្អូនសាច់ញាតិឲ្យយល់ពីតម្លៃនៃសុខសន្តិភាព ព្រមទាំងដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯកដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងជាអ្នកបង្រួបបង្រួមជាតិពីសង្គ្រាមឲ្យស្គាល់តែសន្តិភាព ស្គាល់តែការរីកចំរើនជាដើម។ ឯកឧត្តមបានបន្តថា «៥០០ឆ្នាំមកហើយកម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែមកដល់សម័យតេជោសែន គឺកម្ពុជាមានឯកភាពជាតិតែមួយ ក្រោមដំបូលតែមួយគឺរកបានដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នាព្រោះវាជាការពិត»។
ឯកឧត្តមបានបន្ថែមទៀតថា គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ មានសុខសន្តិភាព មានការឯកភាពជាតិ និងបន្តដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ការរីកចម្រើន ដូច្នេះមន្ត្រីមូលដ្ឋានទាំងអស់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយពីទង្វើល្អ របស់គណបក្សប្រជាជនឲ្យរឹតតែខ្លាំងឡើង ហើយខ្លួនឯងផ្ទាល់ក៏ត្រូវតែធ្វើល្អបម្រើប្រជាពលរដ្ឋឲ្យរឹតតែល្អប្រសើរឡើង ព្រោះការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតចូលមកដល់ហើយនោះ។ ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ត្រូវសាមគ្គីគ្នាធ្វើការ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិឲ្យកាន់តែល្អប្រសើបន្ថែមទៀត ដូចអ្វីដែលជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលអង្គមហាសន្និបាតបានអនុម័តកាលពីកន្លងទៅថ្មីៗនេះ៕ អត្ថបទ៖ បាន ចក់